យោធាសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52H ចំនួន២គ្រឿង ពីសហរដ្ឋអាមេរិកទៅមជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលកំពុងបន្តដើម្បីរារាំងមិនឲ្យអ៊ីរ៉ង់វាយប្រហារ ដែលអាចកើតមានចំពេលតំបន់នេះ មានហានិភ័យច្រើនឡើង។ នេះបើយោងតាមមន្រ្តីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិក។
ដោយសុំមិនបញ្ចេញឈ្មោះ មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់វីអូអេថា«ការហោះហើរមិនមែនជាសកម្មភាពវាយប្រហារទេ គឺគ្រាន់តែរារាំងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ»។ មន្ត្រីនោះបន្ថែមថា យោធាស.រ.អា. បានឃើញសញ្ញាបង្កបញ្ហានៅក្នុងប្រទេសអ៊ីរ៉ាក់នាពេលថ្មីៗនេះថា អ៊ីរ៉ង់ ឬកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ ប្រហែលជាកំពុងរៀបចំផែនការវាយប្រហារ។
សញ្ញាទាំងនោះ គួបផ្សំនឹងការកាត់បន្ថយចំនួនទាហានអាមេរិកនៅអ៊ីរ៉ាក់និងខួបនៃការវាយប្រហាររបស់អាមេរិក ដែលបានសម្លាប់មេបញ្ជាការកងកម្លាំងអ៊ីរ៉ង់ គឺលោក Qassem Soleimani នោះ បានធ្វើឲ្យហានិភ័យមានកម្រិតលើស«មធ្យមភាគ» ធ្វើឲ្យប្រទេសអ៊ីរ៉ង់គិតខុស។
យន្តហោះទម្លាក់គ្រាប់បែក B-52H ទាំងពីរគ្រឿង បានចាកចេញពីមូលដ្ឋានទ័ពអាកាស Barksdale ក្នុងរដ្ឋ Louisiana ហើយមិនបានទម្លាក់គ្រាប់បែកក្នុងអំឡុងពេលបំពេញបេសកកម្ម«ភ្លាមៗ»នេះឡើយ។ ផ្ទុយទៅវិញបេសកកម្មទៅកាន់តំបន់នេះ ត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ការឈ្លានពាន និងធានាដល់សម្ព័ន្ធមិត្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលត្រួតពិនិត្យប្រតិបត្តិការយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា។
កាលពីខែមុនក្រសួងការពារជាតិស.រ.អា. បានប្រកាសថា ខ្លួននឹងដកកងទ័ពអាមេរិកចំនួន៥០០នាក់ចេញពីប្រទេសអ៊ីរ៉ាក់ មុនប្រធានាធិបតីអាមេរិកសម្ពោធចូលកាន់តំណែងនៅឆ្នាំក្រោយ។ ភាពតានតឹងនៅតែមានកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក្នុងពេលមួយឆ្នាំកន្លងមកនេះ៕