រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក បានព្រមានមន្ត្រីអារ៉ាប៊ី សាអូឌីតឲ្យដឹងអំពីផលវិបាកនានា ដែលអាចកើតឡើងដោយសារការកាត់ទោសប្រហារជីវិតបព្វជិតសាសនាឥស្លាម និកាយ Shi'ite ម្នាក់ដែលការស្លាប់បព្វជិតរូបនោះបានធ្វើឲ្យល្អក់កករដល់តំបន់មជ្ឈឹមបូព៌ា ហើយបង្កឲ្យមានការតវ៉ាទូទាំងពិភពលោក។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសេតវិមាន លោក Josh Earnest ដែលបានមានប្រសាសន៍កាលពីថ្ងៃចន្ទ។
លោក Josh Earnest បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «មន្ត្រីអាមេរិកបានលើកឡើងការព្រួយបារម្ភដោយផ្ទាល់ ទៅកាន់មន្ត្រីអារ៉ាប៊ីសាអូឌីត អំពីផលវិបាកដ៏មហន្តរាយដែលអាចកើតឡើងក្រោយពីការប្រហារជីវិតមនុស្សជាច្រើន ជាពិសេស ការប្រហារជីវិតឈ្មោះ Nimr al-Nimr»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby ក៏បានបន្ទរការអធិប្បាយរបស់អ្នកនាំពាក្យសេតវិមានដោយមានប្រសាសន៍ថា៖ «ក្រសួងការបរទេសអាមេរិក មានការព្រួយបារម្ភជាពិសេស ដោយសារការប្រហារជីវិតបព្វជិត Nimr al-Nimr ប្រថុយនឹងការធ្វើឲ្យកើនឡើងភាពតានតឹងខាងនិកាយសាសនា ក្នុងគ្រាមួយដែលភាពតានតឹងនោះចាំបាច់ត្រូវតែកាត់បន្ថយ»។
សហគមន៍អ្នកកាន់សាសនាឥស្លាម និកាយ Shi'ite បានប្រតិកម្មទាំងកំហឹងយ៉ាងខ្លាំងទៅនឹងការប្រហារជីវិតបព្វជិត al-Nimr ដែលជាអ្នករិះគន់ដ៏លិចធ្លោទៅលើសែរាជវង្សានុវង្សដែលកំពុងកាន់អំណាចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ បព្វជិត al-Nimr ក៏ជាមេដឹកនាំក្រុមបាតុករដ៏សំខាន់ម្នាក់នៅភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០១១ផងដែរ។ បព្វជិតរូបនេះត្រូវបានកាត់ទោសពីបទបំបះបំបោរ និងបទចោទផ្សេងៗទៀតកាលពីឆ្នាំ២០១៤ ហើយលោកក៏ស្ថិតក្នុងចំណោមមនុស្ស៤៧នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍៕