​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​រុស្ស៊ី ​ចិន​នៅ​ពេល​ដែល​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន

រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo (ឆ្វេង) ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន Wang Yi (ស្ដាំ) នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃទី​៣ សីហា ២០១៨។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិកប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​កាល​ពី​ថ្ងៃសុក្រប្រឆាំង​នឹង​ធនាគារ​រុស្ស៊ី​ចំពោះ​ការ​ជួយ​កូរ៉េខាង​ជើង​ឲ្យ​បញ្ចៀស​ចំណាត់ការ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​ទប់​កម្មវិធី​អា​វុធនុយក្លេអ៊ែរ ​និង​កាំជ្រួច​ឆ្លង​ទ្វីប​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ព្រឹត្តិការណ៍​នេះ​កើត​មាន​ឡើង​នៅ​ពេល​លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេ​រិក​ Mike Pompeo ​ត្រូវ​គេ​រំពឹង​នឹង​ជំរុញ​ពួក​មេដឹក​នាំ​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​សៅរ៍​នេះ​ ឲ្យ​រក្សា​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិ​បាល​ក្រុង​ព្យុងយ៉ាង ​ដែល​កំពុង​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​រុះរើ​កម្មវិធី​អាវុធ​របស់​ខ្លួន។

ក្រសួងរតនា​គារ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ធនាគារ​ពាណិជ្ជកម្ម ​Agrosoyuz ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​មូស្គូ​បានធ្វើ​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ជាមួយ​បុគ្គល​ដែល​សហ រដ្ឋ​អាមេរិក​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ចំពោះ​ការ​ពាក់​ព័ន្ធ​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​របស់​កូរ៉េខាង​ជើង។

ក្រសួង​រតនាគារ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ធនាគារ​រុស្ស៊ី​បាន​រកស៊ី​ជាមួយ លោក Hang Jang Su ​ដែល​ជា​ប្រធាន​ធនាគារ​ពាណិជ្ជកម្ម​បរទេស​របស់​កូរ៉េខាង​ជើង​មាន​ទីតាំង​ក្នុង​ទីក្រុង​មូស្គូ​ដែល​ជា​ធនាគារ​ប្តូរ​រូបិយវត្ថុ​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិ​បាល​ក្រុង​ព្យុងយ៉ាង។

លោក Ri Jong Won ​ដែល​ជា​អនុប្រធាន​របស់​លោក​ Han ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង​មូស្គូ​ក៏​ជា​ទីដៅ​នៃ​ការ​ទណ្ឌកម្ម​នោះ​ដែរ។​ ក្រសួង​រតនាគារ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ទាំង​លោក ​Han ​និង​លោក ​Ri ​ត្រូវ​តែ​បណ្តេញ​ចេញ​ពី​ប្រទេស​រុស្ស៊ី​នៅ​ក្រោម​សេចក្តី​សម្រេច​របស់​អង្គការសហ​ប្រជាជាតិ​ដែល​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាងជើង​ចំពោះ​កម្មវិធី​អាវុធ​របស់​ខ្លួន៕