សហរដ្ឋអាមេរិក និងអង្គការអូតង់ (NATO) បានផ្តល់ការឆ្លើយតបជាលាយលក្ខណ៍អក្សរដល់រដ្ឋាភិបាលរុស្ស៊ី ទាក់ទិននឹងការទាមទាររបស់រុស្ស៊ីរឿងសន្តិសុខ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយដៃគូអឺរ៉ុប និងប្រទេសអ៊ុយក្រែនមក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីលោក John Sullivan បានប្រគល់ឯកសារឆ្លើយតបនេះដោយផ្ទាល់ កាលពីថ្ងៃពុធម្សិលមិញជូនក្រសួងការបរទេសរុស្ស៊ី។ ចំណែកឯអង្គការអូតង់វិញ ក៏បានបញ្ជូនការឆ្លើយតបរបស់ខ្លួនដាច់ដោយឡែកពីនេះផងដែរដល់រដ្ឋាភិបាលរុស្ស៊ី ទាក់ទិននឹងរឿងសន្តិសុខនៅអឺរ៉ុប។
មន្ត្រីនានាចាត់ទុកការឆ្លើយតបទាំងនេះ ថាជាមធ្យោបាយមួយដើម្បីតបទៅនឹងការព្រួយបារម្ភរបស់រដ្ឋាភិបាលរុស្ស៊ី ហើយស្របពេលនោះដែរ ក៏ផ្តល់ឱកាសផងដែរឲ្យភាគីទាំងអស់ បន្តស្វែងរកដំណោះស្រាយតាមរយៈផ្លូវទូត។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទកាសែតមួយថា៖ «ឯកសារឆ្លើយតបដែលយើងបានប្រគល់ជូនរុស្ស៊ីនោះ លើកឡើងអំពីក្ដីកង្វល់របស់សហរដ្ឋអាមេរិក និងរបស់សម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់រុស្ស៊ីដែលធ្វើឲ្យអន្តរាយដល់សន្តិសុខ ដែលនេះ គឺជាការវាយតម្លៃផ្អែកលើគោលការណ៍ និងហេតុការណ៍ជាក់ស្ដែងនៃក្ដីបារម្ភដែលរុស្ស៊ីបានលើកឡើង និងគឺជាសំណើផ្ទាល់របស់សហរដ្ឋអាមេរិកសម្រាប់ផ្នែកនានា ដែលយើងប្រហែលជាអាចស្វែងរកចំណុចរួមបាន»។
លោក Blinken បានបន្ថែមថា៖ «ដូចដែលខ្ញុំបាននិយាយម្ដងហើយម្ដងទៀតរួចមកហើយ មិនថារុស្ស៊ីជ្រើសរើសផ្លូវការទូតនិងការចរចា ឬក៏សម្រេចបង្កភាពគឃ្លើនជាថ្មីលើប្រទេសអ៊ុយក្រែននោះទេ យើងត្រៀមខ្លួនរួចរាល់សម្រាប់រឿងនេះ»។
លោក Blinken បានបញ្ជាក់ថា លោកគ្រោងនឹងនិយាយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅពេលដែលភាគីរុស្ស៊ីមានឱកាសពិភាក្សាអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកនេះ។
កន្លងមក ប្រទេសរុស្ស៊ីដែលបានដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយ បានទាមទារឲ្យអង្គការអូតង់ដកកងទ័ពនិងសព្វាវុធចេញពីតំបន់អឺរ៉ុបខាងកើត និងរារាំងមិនឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការអូតង់។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអង្គការអូតង់ បានច្រានចោលការទាមទារទាំងនេះ ក៏ប៉ុន្តែ បានលើកឡើងថា ពួកគេ ត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សាជាមួយរុស្ស៊ីអំពីប្រធានបទផ្សេងៗ ដូចជាការត្រួតត្រាសព្វាវុធ និងវិធានការកសាងទំនុកចិត្តជាដើម៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ផ្នែកសន្តិសុខជាតិលោក Jeff Seldin រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ ហើយព័ត៌មានខ្លះ នៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។