សហរដ្ឋអាមេរិកនៅតែមានស្ថានភាពតានតឹងកាលពីថ្ងៃអង្គារគឺនៅក្រោយពីមានបាតុកម្មជាប់ៗគ្នារយៈពេល៧ថ្ងៃនៅទូទាំងប្រទេសប្រឆាំងនឹងស្លាប់របស់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមួយរូបក្នុងសមត្ថកិច្ចនៃប៉ូលិសស្បែកសម្នាក់។
ក្រុមមន្ត្រីនៅពេលនេះបានប្រកាសជាផ្លូវការថាលោក George Floyd បានស្លាប់ដោយមនុស្សឃាត។ លោក Floyd ដែលជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅអាយុ ៤៦ ឆ្នាំ បានស្លាប់កាលពីសប្ដាហ៍មុននៅពេលមន្ត្រីប៉ូលិសស្បែកសឈ្មោះលោក Derek Chauvin បានសង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ខណៈដែលលោក Floyd ជាប់ខ្នោះនិងស្រែកអង្វរថាលោកមិនអាចដកដង្ហើមបាន។
ព្រឹត្តិការណ៍ដែលត្រូវបានថតជាប់ក្នុងវីដេអូនេះបាននាំមានផ្ទុះបាតុកម្មនៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក ដែលជាការតវ៉ារបស់ប្រជាជនខ្លាំងក្លាបំផុតក្នុងរយៈច្រើនទសវត្សមកនេះ។
ក្រោយពីបាតុកម្មហិង្សាបានផ្ទុះឡើងនៅជិតសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃច័ន្ទបានគំរាមបញ្ជូនកងកម្លាំងយោធាជាតិទៅទប់ស្កាត់បាតុកម្មហិង្សានៅទីក្រុងនានា។
នៅក្នុងថ្ងៃនោះកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងជ័រនិងផ្សែងចេញទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករនៅខាងក្រៅសេតវិមានដើម្បីបើកផ្លូវឲ្យលោកអាចថតកាន់គម្ពីរគ្រិស្តសាសនានៅមុខវិហារមួយ។ សកម្មភាពចម្រូងចម្រាស់របស់លោកប្រធានាធិបតីបាននាំឲ្យមានការរិះគន់ខ្លាំងពីមន្ត្រីគណបក្សប្រជាធិបតេយ្យ រួមទាំងពីលោក Joe Biden ដែលទំនងក្លាយជាបេក្ខជនប្រធានាធិបតីមកពីខាងគណបក្សប្រជាធិបតេយ្យ ដែលកាលពីថ្ងៃអង្គារបានរិះគន់របៀបចាត់ចែងរបស់លោកត្រាំទៅនឹងការតវ៉ាទូទាំងប្រទេសនេះ។
នៅតាមទីក្រុងអាមេរិកជាច្រើនមានការដាក់បំរាមគោចរពេលយប់ ប៉ុន្តែនៅតែមានបាតុករដែលមិនគោរពតាមនិងមានក្រុមអ្នកវាយកម្ទេចចូលលួចរបស់ក្នុងហាង។
ការតវ៉ាក៏មាននៅក្រុងផ្សេងទៀតដែរ ដូចជានៅក្រុង St. Louis ភាគកណ្តាលប្រទេសដែរ ដែលនៅទីនោះមានប៉ូលិស៤រូបត្រូវបានបាញ់កាលពីថ្ងៃអង្គារ៕