សហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងប្រកាសពីកញ្ចប់ជំនួយដើម្បីជួយជនរងគ្រោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅខណៈដែលកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយអន្តរជាតិបានកើនឡើងបន្ទាប់ពីគ្រោះមហន្តរាយនេះបានប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេស។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានថ្លែងនៅក្នុងទីក្រុងគូឡាឡាំពួ (Kuala Lumpur) កាលពីថ្ងៃពុធថា ស្ថានទូតអាមេរិកនៅក្នុងក្រុងយ៉ាំងហ្គូនកំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រុមមន្រ្តីរបស់មីយ៉ាន់ម៉ាដើម្បីកំណត់អាទិភាពនៃជំនួយនេះ។
ក្រោយមក ស្ថានទូតសហរដ្ឋអាមេរិកបានប្រាប់ VOA ផ្នែកផ្សាយជាភាសាភូមាថា ខ្លួនកំពុងតែរៀបចំសេចក្តីប្រកាសនោះ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានអំពាវនាវរកជំនួយអន្តរជាតិដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គោះ ហើយលោក Kyaw Moe Tun អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិបានប្រាប់ VOA ផ្នែកផ្សាយជាភាសាភូមាថា ស្ថានទូតបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនត្រូវបានស្នើសុំឲ្យផ្តល់អាហារ សំភារៈជំនួយ ថ្នាំពេទ្យ និងម៉ាស៊ីនចម្រោះទឹក។
លោកបានមានប្រសាសន៍ថា៖ «យើងផ្តល់ជំនួយមនុស្សធម៌ដែលយើងបានពីម្ចាស់ជំនួយអន្តរជាតិទៅឲ្យក្រសួងសុខុមាលភាពសង្គម ជួយសង្គ្រោះ និងតាំងទីលំនៅថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា។ ពួកគេធ្វើការសម្របសម្រួលជាមួយរដ្ឋ និងភូមិភាគនានាដែលត្រូវការជំនួយជាបន្ទាន់ ហើយបែងចែកអំណោយទៅតាមស្ថានភាពជាក់ស្តែង។ យើងក៏ស្វាគមន៍ការបរិច្ចាគជាសំភារៈដែលនឹងជួយដល់ការស្តារនីតិសម្បទារបស់ជនរងគ្រោះដោយសារទឹកជំនន់នេះផងដែរ»។
លោកបានបន្ថែមថា ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន១៥០.០០០ដុលា្លរ ខណៈដែលប្រទេសវៀតណាមកំពុងផ្តល់ទឹកស្អាតដែលមានទឹកប្រាក់ចំនួន២០.០០០ដុលា្លរ។
ក្រុមផ្តល់ជំនួយ និងអ្នកស្ម័គ្រចិត្តបានប្រាប់ VOA ផ្នែកផ្សាយជាភាសាភូមាថា បុគ្គលិកផ្តល់ជំនួយកំពុងពុះពារទៅឲ្យដល់តំបន់ដែលបានរងគ្រោះដោយទឹកជំនន់ខ្លាំងមួយចំនួន។
លោក Pierre Peron អ្នកនាំពាក្យប្រចាំការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌នៅក្នុងក្រុងយ៉ាំងហ្គូននិយាយថា ភ្នាក់ងារនេះកំពុងព្យាយាមទៅកាន់កន្លែងដែលទទួលរងគ្រោះនោះហើយ។
លោកបាននិយាយថា៖ «អ្វីដែលអង្គការសហប្រជាជាតិកំពុងតែធ្វើក្នុងពេលឥឡូវនេះ គឺធ្វើការជាមួយអាជ្ញាធរដើម្បីវាយតម្លៃការខូចខាតបន្តទៀត»។
ការិយាល័យរបស់អ.ស.បមួយនេះបាននិយាយថា ខ្លួនក៏មានបំណងជួយជនរងគ្រោះឲ្យបានធូរស្បើយពីគ្រោះមហន្តរាយនេះដែរ។ ក្រសួងសុខុមាលភាពសង្គម ជួយសង្គ្រោះ និងតាំងទីលំនៅរបស់មីយ៉ាន់ម៉ាមកដល់ពេលនេះ បានអះអាងថា មនុស្សជាង២៥០.០០០នាក់បានទទួលរងគ្រោះ ហើយមនុស្ស៦៩នាក់បានស្លាប់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុងកាលពីសប្តាហ៍មុន។
ប្រទេសថៃ និងចិនក៏បានចូលរួមបរិច្ចាគសម្ភារៈជំនួយមួយចំនួនផងដែរ។ ក្រុមជួយសង្រ្គោះរបស់ចិនដែលមានសមាជិក១០នាក់បានទៅដល់ក្រុងយ៉ាំងហ្គូនកាលពីថ្ងៃអង្គារ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះនេះ៕
ប្រែសម្រួលដោយ៖ ប៊ុន ប៉េងហ៊ុយ