ទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សអស់យ៉ាងតិច២៧នាក់ និងប៉ះពាល់ដល់មនុស្សជាង១៥០.០០០នាក់។ រដ្ឋាភិបាលមីយ៉ាន់ម៉ារំពឹងថា តួលេខទាំងពីរនេះនឹងកើនឡើងថែមទៀត ខណៈដែលរដ្ឋាភិបាល កងយោធា និងអង្គការសង្គ្រោះបានកំពុងធ្វើការសង្គ្រោះ និងផ្តល់ជំនួយបន្តបន្ទាប់។
លោកប្រធានាធិបតី Thein Sein បានធ្វើដំណើរទៅកាន់តំបន់ Sagaing នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍។ នេះជាតំបន់មួយក្នុងចំណោមតំបន់បួន ដែលលោកបានប្រកាសថា ជាតំបន់មានអាសន្ន។
ភ្លៀងធ្លាក់យ៉ាងជោគជាំអស់ពេលរាប់សប្តាហ៍ បន្ថែមពីលើព្យុះសង្ឃរាមួយដែលបានកើតឡើងកាលពីសប្តាហ៍មុន បាននាំឲ្យមានការលិចទឹក និងការហូរបាក់ដី នៅភាគខាងលិចនៃប្រទេសនេះ។ នៅកន្លែងខ្លះទឹកលិចមានកម្ពស់រាប់ម៉ែត្រ។
នៅរដ្ឋ Rakhine ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនៅភាគនិរតីនៃប្រទេសមីយ៉ាន់ម៉ា ទីភ្នាក់ងារជំនួយមនុស្សធម៌អ.ស.ប បាននិយាយកាលពីថ្ងៃសៅរ៍ថា មានរបាយការណ៍អំពីការរងខូចខាតយ៉ាងខ្លាំងនៅតាមជំរុំជុំវិញតំបន់ Sittwe ដែលនៅទីនោះ មនុស្សមួយសែននាក់ ដែលបានបាត់បង់ទីលំនៅដោយសារជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងរស់នៅ៕