ការស្ទង់មតិនយោបាយថ្មីមួយនៅក្នុងស.រ.អា.បង្ហាញឱ្យឃើញថា លោក Donald Trump មហាសេដ្ឋីខាងដីធ្លីនិងខាងអាគារមានប្រាក់រាប់ពាន់លានដុល្លារនាំមុខគេក្នុងបណ្តាពួកបេក្ខជនដែលប្រកួតប្រជែងគ្នាដើម្បីឱ្យទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋក្នុងឆ្នាំ២០១៦។
ការស្ទង់មតិរួមគ្នារបស់បណ្តាញទូរទស្សន៍អាមេរិកាំង CNN និងសាជីវកម្មស្រាវជ្រាវមតិហៅកាត់ថា ORC ចេញផ្សាយកាលពីថ្ងៃអង្គារបង្ហាញថា លោក Trump មានការគាំទ្រ២៤ភាគរយនៃក្រុមអ្នកបោះឆ្នោតចុះឈ្មោះខាងគណបក្សសាធារណរដ្ឋ ដោយឈ្នះអ្នកប្រជែងនឹងលោកប្រកៀកបំផុតគឺលោក Jeb Bush អតីតអភិបាលរដ្ឋ Florida ដែលជាកូនប្រុសនិងជាប្អូនប្រុសរបស់អតីតប្រធានាធិបតីស.រ.អា.ពីរនាក់ដោយលោកមានការគាំទ្រតែ១៣ភាគរយ។
គ្មានបេក្ខជនណាម្នាក់ក្នុងបណ្តាបេក្ខជន១៥នាក់ផ្សេងទៀតនៅក្នុងការប្រកួតប្រជែងនេះមានការគាំទ្រដោយមានតួលេខពីរខ្ទង់ទេ។ លោក Ben Carson ដែលជាវេជ្ជបណ្ឌិតខាងវះកាត់សរសៃប្រសាទបានទទួលការគាំទ្រ៩ភាគរយ លោក Marco Rubio សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Florida និងលោក Scott Walker អភិបាលរដ្ឋ Wisconsin មានការទ្រទ្រង់៨ភាគរយដូចគ្នាហើយបេក្ខជនឯទៀតៗមានការគាំទ្រតែបន្តិចបន្តួច។
ការស្ទង់មតិរបស់ CNNនិង ORC លើអ្នកបោះឆ្នោតមួយពាន់នាក់បានត្រូវធ្វើកាលពីពីរបីថ្ងៃមុននេះគឺមួយសប្តាហ៍ក្រោយការជជែកដេញដោលគ្នាមួយរវាងពួកបេក្ខជនខាងគណបក្សសាធារណរដ្ឋ។ ការស្ទង់មតិនេះបង្ហាញថា បើប្រៀបធៀបទៅនឹងការស្ទង់មតិមួយកាលពីខែកក្កដា លោក Trump ដែលមានអាយុ៦៩ឆ្នាំបានចំណេញ៦ភាគរយ៕