ពួកមន្ត្រីផ្នែកពង្រឹងវិធានការខាងអន្តោប្រវេសន៍និងខាងគយដែលហៅកាត់ថា ICE របស់អាមេរិក គ្រោងនឹងធ្វើការឆ្មក់ក្នុងខែឧសភា និងខែមិថុនា ដើម្បីបញ្ជូនម្តាយនិងកូនៗមកពីប្រទេសនានាក្នុងផ្នែកកណ្តាលនៃទ្វីបអាមេរិកដែលបានមកកាន់ប្រទេសអាមេរិកដោយខុសច្បាប់ និងគ្មានការដោះបន្ទាល់ខាងផ្លូវច្បាប់ ឲ្យត្រឡប់ទៅប្រទេសពួកគេវិញ។
ការឆ្មក់ដែលមានរយៈពេលមួយខែនេះ ផ្តោតការយកចិត្តទុកដាក់លើម្តាយនិងកូនៗរាប់រយនាក់ដែលបានត្រូវប្រាប់រួចស្រេចហើយថា ពួកគេត្រូវតែចាកចេញពីស.រ.អា.។
កិច្ចប្រតិបត្តិការនេះក៏មានទាក់ទិនដែរនឹងពួកអនីតិជនគ្មានឯកសារដែលបានចូលមកក្នុងស.រ.អា.ដោយគ្មានអាណាព្យាបាលហើយដែលមានអាយុ១៨ឆ្នាំហើយនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកស្រី Jennifer Elzea អ្នកនាំពាក្យរបស់ ICE បាននិយាយថា៖ «ក្រសួងសន្តិសុខមាតុភូមិត្រូវតែពង្រឹងច្បាប់ដោយទៀងទាត់ដែលជាអាទិភាពរបស់យើង»។
អ្នកស្រីបានថ្លែងបន្ថែមថា៖ «កិច្ចប្រតិបត្តិការបច្ចុប្បន្ននេះជាការបន្តកិច្ចប្រតិបត្តិការដែលលោករដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ Jeh Johson បានប្រកាសកាលពីខែមករានិងខែមីនា»។ មន្ត្រីរូបនេះបាននិយាយថា ពួកជនអន្តោប្រវេសន៍ដែលបានមកដល់ប្រទេសអាមេរិកដោយខុសច្បាប់នៅក្រោយថ្ងៃទី១ខែមករាឆ្នាំ២០១៤ ជាគោលដៅអាទិភាពសម្រាប់ការបញ្ជូនចេញពីស.រ.អា.។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា «នេះមានរួមបញ្ចូលពួកជនពេញវ័យគ្មានគូស្រករ និងមនុស្សពេញវ័យដែលបាននាំយកពួកកុមារមកជាមួយ»៕