ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Clinton រិះ​គន់​វាយប្រហារ​​លោក​ Trump​ លើ​បញ្ហា​អន្តោ​ប្រវេសន៍


រូប​ឯកសារ៖ លោក​ស្រី​ Clinton នៃគណបក្សប្រជាធិបតេយ្យ​ ថ្លែង​នៅ​ក្នុង​យុទ្ធនាការរបស់​លោក​ស្រី ​នៅ​ទីក្រុង​ Athens រដ្ឋ Ohio កាល​ពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ២០១៦។
រូប​ឯកសារ៖ លោក​ស្រី​ Clinton នៃគណបក្សប្រជាធិបតេយ្យ​ ថ្លែង​នៅ​ក្នុង​យុទ្ធនាការរបស់​លោក​ស្រី ​នៅ​ទីក្រុង​ Athens រដ្ឋ Ohio កាល​ពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ២០១៦។

លោកស្រី​ Hillary Clinton ​ដែល​ទំនង​ជា​នឹង​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើការប្រយុទ្ធ​ដើម្បី​តំណែង​ជាន់​ខ្ពស់​ក្នុង​សេតវិមាន​ ដោយ​លោកស្រី​បាន​បរិហារ​រិះគន់​លោក​ Donald Trump​ ដែល​បាន​ត្រូវ​សន្មត​ជាមុន​ថា​ជា​អ្នក​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

លោកស្រី​ Clinton ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​គាំទ្រ​លោក​ស្រី​នៅ​ក្នុង​រដ្ឋCalifornia ​ដែល​នៅ​ជាប់​នឹង​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ​ដែល​មាន​ប្រជា​រាស្ត្រ​ច្រើន​ដែរ​នោះ​ថា​ លោក ​Trump​ បាន​ជំទាស់​នឹង​ការដំឡើង​ប្រាក់​បៀវត្សរ៍​ទាប​បំផុត​ ហើយ​ថា​លោក​មិន​គិត​គូរ​អំពី​ស្ត្រី​ឬ​ពួក​ជន​អន្តោប្រវេសន៍​ទេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍ថា៖ «Donald Trump ​បាន​បង្កើន​បំណង​របស់​លោក​ក្នុង​ការ​ប​ញ្ជូន​ទៅ​ប្រទេស​ដើមវិញ​នូវ​ពលរដ្ឋ​អាមេរិកាំង​១១​ឬ​១២​លាន​នាក់។ នៅ​ពេល​នេះ​លោក​និយាយ​អំពី​អ្វីដែល​លោក​ហៅ​ថា​ កង​កម្លាំង​ចាប់​បញ្ជូន​មនុស្ស​ចេញ​ពី​ប្រទេស​អាមេរិក។ តើ​លោក​អ្នក​អាច​គិត​ស្មាន​បាន​ទេ​អំពី​សកម្មភាព​ប៉ូលិស​និង​សកម្មភាព​យោធា​នៅ​ខាង​ក្នុង​ព្រំដែន​របស់​យើង? មាន​ការ​គោះ​ទ្វារ​ អូស​ទាញ​មនុស្ស​ចេញ​ពី​គ្រែ​និង​កន្លែង​ធ្វើ​ការងារ ១១​ឬ១២​លាន​នាក់?​ នេះ​ជា​ទិដ្ឋភាព​ដែល​លោក ​Trump​ កំពុង​រៀប​ចំឱ្យ​មាន»។

គោល​ជំហរ​ចម្រូង​ចម្រាស​របស់​លោក ​Trump​ អំពី​អន្តោ​ប្រវេសន៍​បាន​នាំ​ឱ្យ​មាន​ក្រុម​បាតុករ​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​ជួបជុំមហា​ជន​របស់​លោក​នៅ​ក្នុង​រដ្ឋ Oregon ​ដែល​ជា​រដ្ឋ​មួយ​ទៀត​នៅ​ជាប់​នឹង​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែរ។ នៅ​ក្នុង​ការ​ប្រជុំ​មហា​ជន​នោះ​ លោក Trump ​បាន​ធ្វើ​ឱ្យ​សារ​របស់​គូ​ប្រជែង​លោក​មាន​ន័យ​តិចតួច។

ប្រសិន​បើ​ការ​ស្ទង់​មតិ​កាល​ពីពេល​មុនៗ​នៅ​តែ​មាន​ប្រសិទ្ធភាព​នោះ លោក​ Trump ​ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​ជាង​មុន​ពី​ក្រុម​ស្ត្រី​អ្នក​បោះឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត​ក្នុង​ខែ​វិច្ឆិកា។​ លោក​បាន​សន្យា​ថា​នឹង​មិន​ឈប់​ប្រយុទ្ធ​ប្រឆាំង​នឹង​លោកស្រី​ Clinton ទេ។

លោក​ស្រី​មិន​ទាន់​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឡើយទេ ​ដោយ​នៅ​តែ​មាន​ការ​ប្រយុទ្ធ​ខាង​នយោបាយ​មួយ​ជាមួយ​លោក​ Bernie Sanders ​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.។

លោក Sanders បាន​ទស្សន៍​ទាយ​ថា​ នឹង​មាន​ការ​ប្រឆាំង​នឹង​បេក្ខជន​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​នៅ​ក្នុង​មហា​សន្និបាត​គណបក្ស​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​ន័យ​ថា​ លោកស្រី​ Clinton​ ប្រហែល​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​កសាង​សម្ព័ន្ធភាព​នៅ​ក្នុង​គណបក្ស​របស់​លោកស្រី​ ក៏​ដូចជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ដែរ​ក្នុង​ការ​វាយ​ប្រហារ​លោក​ Trump៕

XS
SM
MD
LG