ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជជែក​ដេញ​ដោល​គ្នា​លើ​បញ្ហា​អន្តោប្រវេសន៍​ក្នុង​រដ្ឋ Florida


លោកស្រី Hillary Clinton និង​លោក Bernie Sanders ឈរ​ជាមួយ​គ្នា​មុន​ពេល​ចាប់​ផ្តើម​ការ​ជជែក​ដេញ​ដោល​នៅ​មហាវិទ្យាល័យ Miami-Dade កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។

លោកស្រី Hillary Clinton និង​លោក Bernie Sanders បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជជែក​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក​ពីប្រវត្តិ​បេក្ខជន​នីមួយៗ ​ជា​ពិសេស​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​កាល​ពីយប់​ថ្ងៃ​ពុធ​នៅ​ក្នុង​ Florida ​ភាគ​អាគ្នេយ៍។

បេក្ខជន​ទាំង​២ ​បាន​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​ទី​នោះ​ហើយ​និង​នៅ​ក្នុង​រដ្ឋ​៤​ទៀត​ដែល​មាន​ប្រតិភូ​ច្រើន​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ដោយ​លោក Sanders សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Vermont ​កំពុង​ព្យាយាម​ប្រមែ​ប្រមូល​កម្លាំង​បន្ទាប់​ពី​ជ័យជម្នះ​ដ៏​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​រដ្ឋ Michigan ​ហើយ​ដើម្បី​តាម​ឲ្យ​ទាន់​លោកស្រី​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស។

លោកស្រី Clinton ​បាន​រិះ​គន់​លោក Sanders ចំពោះ​ការ​បោះឆ្នោត​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​ការ​ធ្វើ​កំណែ​ទម្រង់​អន្តោប្រវេសន៍​នៅ​ឆ្នាំ​២០០៧ ​ខណៈ​ដែល​លោក Sanders ​បាន​រិះគន់​លោកស្រី​ Clinton​ ចំពោះ​ការ​ជំទាស់​ប្រឆាំង​ការ​ខ្នះ​ខ្នែង​អនុញ្ញាត​ឲ្យ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទទួល​បាន​បណ្ណ​បើកបរ​រថយន្ត។​ ក៏ប៉ុន្តែ ​បេក្ខជន​ទាំង​២​បាន​និយាយ​ថា ​ពួកគេ​នឹង​មិន​បញ្ជូន​កូន​ក្មេង​ ឬ​ជន​អន្តោ​ប្រវេសន៍​ដែល​មិន​មាន​ប្រវត្តិ​ឧក្រិដ្ឋ​កម្ម​ទៅ​កាន់​ប្រទេសវិញ​ទេ។

​អ្នក​ទាំង​២ ​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ជំហរ​ដែល​មាន​ភាព​ខុស​គ្នា​ខ្លាំង​របស់​លោក Donald Trump បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍​ដែល​រួម​មាន​ការសន្យា​ស្ថាបនា​ជញ្ជាំង​នៅ​ព្រំដែន​ប្រទេស​ម៉ិកស៊ិក ​ហើយ​និង​ការ​បញ្ជូន​មនុស្ស​១១លាននាក់ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​របស់​ពួកគេ​វិញ។

​លោកស្រី​ Clinton ​បាន​ហៅ​ផែនការ​ស្ថាបនា​ជញ្ជាំង​នោះ​ថា​ជាគំនិត​រវើ​រវាយ ​ខណៈ​ដែល​លោក Sanders ​បាន​និយាយ​ថា ​គំនិត​នៃ​ការ​បញ្ជូន​មនុស្ស​១១​លាននាក់​ទៅ​កាន់​ប្រទេស​វិញ​ជា​គំនិត​មិន​គួរ​ឲ្យ​ជឿ៕

XS
SM
MD
LG