ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកចង់បានសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្ត «ប្រឆាំងនឹងការកែប្រែដោយឯកតោភាគីរបស់ភាគីណាមួយលើស្ថានភាពបច្ចុប្បន្ន [នៃច្រកសមុទ្រតៃវ៉ាន់]»។
ការថ្លែងរបស់លោក Biden នេះគឺជាលើកដំបូងបង្អស់ដែលប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងបានបង្ហាញយ៉ាងច្បាស់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននិងកោះតៃវ៉ាន់នៅក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៧១ មក។
លោក Biden បាននិយាយដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងដឹកនាំតាមរយៈផ្លូវទូតដើម្បីព្យាយាមសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះនានា។ សហរដ្ឋអាមេរិកស្វះស្វែងចង់ឱ្យមានការប្រកាន់ខ្ជាប់នូវសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ សហរដ្ឋអាមេរិកតាំងចិត្តចំពោះគោលនយោបាយចិនតែមួយរបស់ខ្លួន ដែលគោលនយោបាយនេះបានជួយបង្ការមិនឱ្យមានជម្លោះអស់រយៈពេល ៤ ទសវត្សរ៍មកហើយ។ ហើយសហរដ្ឋអាមេរិកនៅបន្តប្រឆាំងនឹងការកែប្រែដោយឯកតោភាគីរបស់ភាគីណាមួយលើស្ថានភាពបច្ចុប្បន្ន [នៃច្រកសមុទ្រតៃវ៉ាន់]»។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចរបស់ខ្លួននៅក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយនឹងប្រទេសចិននៅក្នុងឆ្នាំ ១៩៧៩ គឺអាស្រ័យលើការរំពឹងទុកដែលថា «អនាគតរបស់កោះតៃវ៉ាន់នឹងត្រូវកំណត់តាមរយៈមធ្យោបាយសន្តិវិធី» ដូចដែលបានចែងនៅក្នុងច្បាប់ស្ដីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដូច្នេះដែរ។
ការបញ្ជាក់របស់លោក Biden នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនេះបានធ្វើឡើង បន្ទាប់ពីលោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ CBS កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសចិន ដែលនេះគឺជាលើកទី ៤ ហើយដែលលោកបានលើកឡើងដូច្នេះ តាំងពីពេលដែលលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅដើមឆ្នាំ ២០២១ មក។
សេតវិមានបានបញ្ជាក់ថា លោក Biden មិនបានធ្វើការផ្លាស់ប្ដូរគោលនយោបាយណាមួយទេចំពោះតៃវ៉ាន់ ទាក់ទិននឹងការលើកឡើងរបស់លោកនេះ៕
លោក Biden ថា អាមេរិកប្រឆាំងនឹងការកែប្រែដោយឯកតោភាគីណាមួយលើស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់
ក្រសួងការបរទេសសហរដ្ឋអាមេរិក —