មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិក និងមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងបានជួបពិភាក្សាគ្នាអំពីការបញ្ជូនអដ្ឋិធាតុរបស់ទាហានអាមេរិកាំងដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េមកកាន់សហរដ្ឋអាមេរិក។
លោក Michael Minihan ដែលជាឧត្ដមសេនីយ៍ទោកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងជានាយអគ្គសេនាធិការយោធាអាមេរិកនៃទីបញ្ជាការដ្ឋានយោធាអង្គការសហប្រជាជាតិ បានជួបជាមួយនឹងឧត្ដមសេនីយ៍កូរ៉េខាងជើងមួយរូបនៅថ្ងៃអាទិត្យនេះនៅឯភូមិ Panmunjom នៅក្នុងតំបន់គ្មានយោធានៃព្រំដែនរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ នេះបើយោងតាមការបញ្ជាក់របស់ប្រភពព័ត៌មានកូរ៉េ។
ការជួបប្រជុំលើកនេះគឺធ្វើឡើងក្នុងរយៈពេល ៩ ឆ្នាំក្រោយមក បន្ទាប់ពីភាគីនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីលើកមុន។
ការបញ្ជូនអដ្ឋិធាតុរបស់ទាហានអាមេរិកាំងមកកាន់សហរដ្ឋអាមេរិកវិញ គឺជាចំណុចមួយដែលត្រូវបានពិភាក្សាកាលពីខែមុននៅក្នុងជំនួបជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី។
គេបានរាយការណ៍ថា សហរដ្ឋអាមេរិកបានបញ្ជូនមឈូសចំនួន ១០០ ទៅកាន់តំបន់គ្មានយោធានៅព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ដើម្បីដាក់អដ្ឋិធាតុទាហានអាមេរិកាំងដែលត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិក៕