ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការបរទេសអាមេរិកថា ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនៅតែដដែលរហូតទាល់តែមានការលុបបំបាត់នុយក្លេអ៊ែរ


រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកថ្លែងទៅកាន់សារព័ត៌មានអំឡុងកិច្ចប្រជុំពីរថ្ងៃជាមួយកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ទី០៧ កក្កដា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកថ្លែងទៅកាន់សារព័ត៌មានអំឡុងកិច្ចប្រជុំពីរថ្ងៃជាមួយកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ទី០៧ កក្កដា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា ការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងនឹងនៅតែដដែល «រហូតទាល់តែមានការលុបចោលអាវុធនុយក្លេអ៊ែរទាំងស្រុងដែលអាចផ្ទៀងផ្ទាត់បាន ដូចដែលឯកភាពដោយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un»។

ដោយថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីការបរទេសជប៉ុននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ លោក Pompeo បាននិយាយថា៖ «ទោះបីជាយើងមានមានភាពជឿជាក់លើដំណើរវិវឌ្ឍនៃការពិភាក្សាគ្នាកន្លងមកក៏ដោយ ក៏ដំណើរវិវឌ្ឍនេះតែឯងមិនអាចធ្វើឲ្យឈានដល់ការបន្ធូរបន្ថយទណ្ឌកម្មដែលមានស្រាប់លើរបបដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ននេះនោះទេ»។

លោក Pompeo បានបញ្ជាក់ថា នឹងមានដំណើរការផ្ទៀងផ្ទាត់មួយ «ភ្ជាប់ជាមួយនឹងការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ»។ លោកបានបន្ថែមថា៖ «នោះគឺជាអ្វីដែលប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Kim Jong Un បានឯកភាពគ្នា» នៅក្នុងកិច្ចប្រជុំនៅសិង្ហបុរីកន្លងមក។

លោក Pompeo បានបន្តហៅការពិភាក្សារបស់លោកជាមួយនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងថា «ទទួលបានលទ្ធផលជាផ្លែផ្កា» ទោះបីជារដ្ឋាភិបាលកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសមួយដោយបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកគឺ «ដូចជាឧក្រិដ្ឋជន» អញ្ចឹង ដែលទទូចឲ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរឲ្យបានឆាប់នោះ។

សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលគ្មានការបញ្ជាក់ឈ្មោះនោះ គឺត្រូវបានចេញផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីលោក Pompeo បានបញ្ចប់ការពិភាក្សារយៈពេល ២ ថ្ងៃរបស់លោកជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង៕

XS
SM
MD
LG