ស.រ.អា.បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងប្រកែកមិនព្រមធ្វើកិច្ចសហប្រតិបត្តិការ«ក្នុងវិធីណាក៏ដោយ»ជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្នុងក្រុងឡាអេ ប្រសិនបើតុលាការនេះធ្វើការស៊ើបអង្កេតអំពីការចោទប្រកាន់ស្តីពីឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយកងយោធានិងពួកបុគ្គលិកខាងការស៊ើបការសម្ងាត់ស.រ.អា.។
លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិស.រ.អា.បាននិយាយប្រាប់សមាគមសហព័ន្ធនិយមដែលជាពួកអភិរក្សនិយមក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា តុលាការនេះមិនគួរមានយុត្តាធិការលើជនជាតិអាមេរិកាំងឬប្រជារាស្ត្រមកពីប្រទេសជាតិឯទៀតៗដែលមិនបានផ្តល់សច្ចានុម័តដល់សន្ធិសញ្ញាដែលបានបង្កើតតុលាការនេះកាលពីឆ្នាំ២០០២ទេ។
នៅពេលជាមួយគ្នានេះដែរលោក Bolton ក៏បានប្រកាសថា ក្រសួងការបរទេសស.រ.អា.បិទការិយាល័យរបស់អង្គការរំដោះប៉ាឡេស្ទីន នៅក្នុងរដ្ឋធានី ប៉ាឡេស្ទីន ជាការឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកប៉ាឡេស្ទីន ក្នុងការឱ្យតុលាការនេះចោទប្រកាន់សកម្មភាពរបស់អ៊ីស្រាអែល និងដោយសារពួកប៉ាឡេស្ទីន បានច្រានចោលកិច្ចចរចាដោយផ្ទាល់ជាមួយរដ្ឋជ្វីស អំពីសន្ធិសញ្ញាសន្តិភាពមួយ។
រដ្ឋបាល ត្រា បានប្រកាសជាដំបូងថាខ្លួននឹងបិទការិយាល័យអង្គការ PLO កាលពីឆ្នាំទៅមិញដោយសារអង្គការនេះបានខិតខំប្រឹងប្រែងឱ្យតុលាការ ICC ស៊ើបអង្កេតអំពីប្រទេសអ៊ីស្រាអែល ក៏ប៉ុន្តែនៅពេលបន្ទាប់មកបានប្រែក្រឡះសេចក្តីសម្រេចរបស់ខ្លួន។
លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានសុំឱ្យតុលាការអន្តរជាតិនេះស៊ើបអង្កេតនិងចោទប្រកាន់ពួកមន្ត្រីអ៊ីស្រាអែល អំព«ការទាក់ទិនរបស់ពួកគេក្នុងសកម្មភាពតាំងលំនៅដ្ឋានពួកជនជាតិជ្វីស ក្នុងដែនដី ប៉ាឡេស្ទីន និងអំពើឈ្លានពានប្រឆាំងនឹងប្រជារាស្ត្រយើង»៕