ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអង្គការ​សិទ្ធិមនុស្ស​ថា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ប្រហែលធ្វើ​សង្គ្រាម​ឧក្រិដ្ឋកម្ម​ដោយ​ការរារាំង​ជំនួយ​សម្រាប់ជនស៊ីវិល​ដែល​ផ្លាស់ទី​លំនៅ


ក្មេង​ប្រុស​ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​បាន​ដើរ​ចេញ​បន្ទាប់​ពី​បាន​ទទួល​អាហារ​នៅមជ្ឈមណ្ឌល​ចែកចាយ​ស្បៀងក្នុង​ជំរំ Balukhali ទីក្រុង​ Cox's Bazar ប្រទេស​បង់ក្លាដែស​​កាល​ពី​ថ្ងៃទី​២៣ សីហា ឆ្នាំ ២០១៨។

ក្រុមអង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​ប្រកាស​ថា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ប្រហែល​ជា​បាន​ប្រព្រឹត្ត​សង្គ្រាម​ឧក្រិដ្ឋកម្ម​តាម​រយៈ​ការ​រារាំង​មិន​ឲ្យ​ជំនួយ​សង្គ្រោះ​ជីវិត​ចូល​ទៅ​ដល់​ពលរដ្ឋស៊ីវិល​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​ហែកហួរ​នៅ​ភាគខាងជើង​ប្រទេសមីយ៉ាន់ម៉ា។

លោក David Baulkមក​ពី​ក្រុម​តស៊ូមតិ​នៃ​អង្គការ​សិទ្ធិមនុស្សFortify Rightsបាន​ថ្លែង​ថា «រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មាន​បំណង​រារាំង​មិន​ឲ្យជំនួយ​មនុស្សធម៌​ ចូល​ទៅ​ដល់​ជនស៊ីវិល​ដែល​បាន​ផ្លាស់ទី​លំនៅ​ក្នុង​រដ្ឋKachin បង្ក​អំពើ​ហិង្សា​ និង​បាន​រំលោភ​ច្បាប់​អន្តរជាតិ​ ដែល​ទង្វើ​ទាំងអស់​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សង្គ្រាម​ឧក្រិដ្ឋកម្ម»។

ក្រុមអង្គការ​សិទ្ធិមនុស្ស​នេះ​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ស្តី​អំពីការរឹតត្បិត​ជំនួយ​ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុមអ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ប្រកាស​ថា​យោធា​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​រង្គាល​ និង​បាន​ចាប់​រំលោភ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនាឥស្លាម​នៅក្នុង​រដ្ឋ Rakhine​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ដោយ​ចេតនា។

អង្គការ​សិទ្ធិមនុស្ស Fortify Rightsបាន​ប្រកាស​ថា​ តាមរយៈ​ការស្រាវជ្រាវ​របស់​ខ្លួន​បង្ហាញ​ថា​ក្នុង​ចំណោម​បុគ្គលិក​ជំនួយ​មនុស្សធម៌​ដែល​បាន​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នានា​នៅ​ភាគខាងជើង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ មាន​តែ​៥​ភាគរយ​ប៉ុណ្ណោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តំបន់​ទាំងនោះ​សម្រាប់​រយៈពេល​មួយឆ្នាំ​ដែល​ត្រូវ​បញ្ចប់​នៅ​ខែមិថុនា។

លោក David Baulk​ បាន​ថ្លែង​បន្ត​ថា​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​គួរ​តែ​ស្នើ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​អំពី​ស្ថានការណ៍​វិវត្តន៍​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា។ ក្រុមអង្គការ​នេះ​ក៏​បាន​អំពាវនាវ​ទៅ​ពួកអាជ្ញាធរ​មីយ៉ាម៉ា​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ផ្តល់​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ចែកជំនួយ​ចាំបាច់​នានា​ដល់​ជនស៊ីវិល​ទាំងនោះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​លោក Zaw Htay បាន​ច្រាន​ចោល​ការ​រកឃើញ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ដើមសប្តាហ៍​នេះ។ លោក​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស Fortify Rightsនេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG