ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bemba ប្តឹង​តុលាការ​កំពូល​កុងហ្គោ​ ដើម្បី​បាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី


លោក Jean-Pierre Bemba (រូប​ស្តាំ)​ ពិនិត្យ​មើល​ឯកសារ​ ដែល​លោក​ត្រូវ​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធបិតី នៅ​ការិយាល័យ​នៃ​គណៈកម្មការ​បោះឆ្នោត​ឯករាជ្យ​ នៅ​ក្នុង​ក្រុង Kinshasa កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

អតីត​ស្ដេច​សង្គ្រាម លោក Jean-Pierre Bemba បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​តុលាការ​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លោក​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឈរឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ​នេះ។ ​

លោក Bemba និង​បេក្ខជន​៥​នាក់​ផ្សេង​ទៀត ដោយ​រួម​មាន​ទាំង​អតីត​នាយករដ្ឋមន្ត្រី​៣​រូប​ផង​នោះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ហាមឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។ ​

ដំណើរ​វិវត្តន៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​នយោបាយ​ដែល​មិន​ឋិតថេរ​នៃ​ប្រទេស​នេះ នៅ​មុន​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ពន្យារ​ពេល​២​ដង​រួច​មក​ហើយ​ និង​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ។ ​

ប៉ុន្តែ​គិត​មក​ដល់​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បេក្ខជន​ចំនួន​៤​នាក់​ក្នុង​ចំណោម​បេក្ខជន​ទាំងអស់​ចំនួន​៦​នាក់​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ធម្មនុញ្ញ ដែល​ជា​តុលាការ​កំពូល​បំផុត​នៅ​ក្នុង​ប្រទេស។ បេក្ខជន​២​នាក់​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​ដូចគ្នា​ដែរ​នៅ​ថ្ងៃ​អង្គារ​នេះ។

គូ​ប្រជែង​ដ៏​ធំ​បំផុត​របស់​លោក​ប្រធានាធិបតី Joseph Kabila គឺ​លោក Bemba បាន​ត្រឡប់​មក​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​វិញ​កាល​ពី​ថ្ងៃទី ​១ ​ខែ សីហា ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ក្នុង​ទីក្រុង ឡាអេ បាន​សម្រេច​ឲ្យ​លោក​រួច​ខ្លួន​ពី​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ប៉ុន្តែ​លោក​នៅ​តែ​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ចំពោះ​ការ​សូកប៉ាន់​សាក្សី ដែល​លោក​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​៣សែន​៥ម៉ឺន​ដុល្លារ៕

XS
SM
MD
LG