ការលក់អាវុធដោយរដ្ឋាភិបាលស.រ.អា.ឱ្យកោះតៃវ៉ាន់ជាញឹកញយចាប់ផ្តើមជាមួយការសុំទិញដោយស្ងាត់ស្ងៀមពីកោះតៃវ៉ាន់ដែលចង់បានអាវុធថ្មីៗសម្រាប់កិច្ចការពារខ្លួនប្រឆាំងនឹងប្រទេសចិនដែលខ្លាំងជាងខ្លួន។ បន្ទាប់មកក្រសួងការពារប្រទេសស.រ.អា.ជជែកដេញដោលគ្នាជាច្រើនខែអំពី ថាតើគួរផ្តល់អនុសាសន៍អំពីការលក់អាវុធទាំងនេះទៅកាន់សភាឬទេ។ ដំណើរការនេះមិនបានកំណត់ពេលវេលាជាក់លាក់ទេដែលនាំឱ្យកោះតៃវ៉ាន់រសាយចិត្តហើយធ្វើឱ្យប្រទេសចិនខឹងសម្បានឹងការលក់អាវុធទាំងនេះដែលបានទទូលការយល់ព្រមពីសភាស.រ.អា.។
នៅពេលនេះ ឧបការីរដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ម្នាក់ទទួលបន្ទុកកិច្ចការអាស៊ីមានសំណើមួយដើម្បីបញ្ចប់ភាពវិលវល់ដដែលៗនេះដែលមានការថប់បារម្ភនិងកំហឹងអំពីការលក់អាវុធអាមេរិកាំងដែលបានធ្វើឡើងបួនទសវត្សរ៍មកហើយនោះ។ អ្នកវិភាគខ្លះនិយាយថា របៀបលក់អាវុធថ្មីនេះកំពុងមានដំណើរការហើយ។
លោក Randall Schriver ឧបការីរដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ទទួលបន្ទុកកិច្ចការភូមិភាគអាស៊ីប៉ាស៊ីហ្វិក បាននិយាយប្រាប់ការប្រជុំមួយនៅឯអង្គការស្រាវជ្រាវ Heritage Foundation ក្នុងខែមិថុនាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹង«ចាត់ទុកកោះតៃវ៉ាន់ជាដៃគូខាងប្រព័ន្ធសន្តិសុខធម្មតាមួយ»។ ការណ៍នេះមានន័យថា ការលក់អាវុធអាមេរិកាំងឱ្យតៃវ៉ាន់នឹងមានភាពជាក់លាក់ជាងមុន ដោយបំបាត់ការថប់បារម្ភរបស់តៃវ៉ាន់និងប្រទេសចិន។
លោក Sean King ជាអនុប្រធាននៃអង្គការពិគ្រោះយោបល់ខាងនយោបាយ Park Strategies នៅឯបូរី New York លោកបាននិយាយថា៖ «ការធ្វើការលក់អាវុធស.រ.អា.ឱ្យកោះតៃវ៉ាន់មានភាពច្បាស់លាស់ជាងមុនមានន័យថា លក់អាវុធឱ្យតៃវ៉ាន់នៅពេលអាជ្ញាធរកោះនេះត្រូវការ នៅពេលណាមានការយល់ព្រមនិងមានការប្រុងប្រៀបរួចហើយ ហើយមិនមែនផ្អិបអាវុធទាំងនេះទុកសិនហើយលក់អាវុធទាំងអស់តែម្តងនៅពេលណាមួយដែលត្រូវគិតថាមានការអាក់អន់ចិត្តតិចជាងមុនពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងនោះទេ»៕