សមាជិក​សភា​អាមេរិក​រិះគន់​លោក Pompeo ដែល​ស្នើ​កាត់​ថវិកា​ពី​ជំនួយ​ការទូត​និង​ជំនួយ​ការបរទេស

  • Cindy​ Saine​

លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ថ្លែង​នៅ​មុខអនុ​គណៈ​កម្មាធិការ​សភា​ អំពី​ថវិកា​នៅ​វិមាន​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​២៧ មីនា ២០១៩។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោក ​Mike Pompeo ​បាន​ការពារ​សំណើ​កាត់​ថវិកា​ពី​ផ្នែក​ការទូត​និង​ពី​ជំនួយ​អន្តរជាតិ​របស់​លោក​ប្រធានាធិតី​ ដូណាល់ ត្រាំ​ ដែល​ត្រូវ​បាន​រិះ​គន់​យ៉ាងខ្លាំង​ពី​ក្រុម​សមាជិក​សភា​មក​ពី​គណបក្ស​ទាំង​ពីរ​នៅ​អំឡុង​ពេល​សវនាការ​សភា​កាល​ពី​ថ្ងៃ​ពុធ។

ប្រធាន​គណៈ​កម្មាធិការ​សភា​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​លោក​ Elliot Engel​ បាន​ប្រាប់​លោក​ Pompeo​ ថា​ សំណើ​ថវិកា​របស់​លោកប្រធានាធិបតី​ត្រូវ​បាន​ច្រាន​ចោល​ភា្លមៗ​នៅ​ពេល​បញ្ជូន​មក​ដល់​រដ្ឋសភា។

សំណើ​កាត់​ថវិកា​១១​ពាន់​លាន​ដុល្លារ​ចេញ​ពី​ជំនួយ​ការបរទេស​សហ​រដ្ឋ​អាមេរិក​ និង​ក្រសួង​ការបរទេស​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​នៅ​អំឡុង​ពេល​សវនាការ​សភា​កាល​ពី​ថ្ងៃ​ពុធ។ សំណើ​ថវិកា​សម្រាប់​ឆ្នាំ​២០២០​របស់​លោក​ប្រធានាធិបតី​នឹង​កាត់​ថវិកា​ពី​កម្មវិធី​តាំង​ទីលំនៅ​ថ្មី​របស់​ជន​ភៀសខ្លួន​ ការ​ថែទាំ​សុខភាព​សាកល ​និង​ពី​កម្មវិធី​ផ្សេងៗ​ទៀត។ ​ទាំង​ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណៈ​រដ្ឋ​បាន​ប្រឆាំង​នឹង​ការ​កាត់​ថវិកា​នេះ​ ដូច្នេះ​សំណើ​កាត់​ថវិកា​នេះ​ប្រហែល​ជា​នឹង​មិន​ត្រូវ​អនុម័ត​ដោយ​សភា​ទេ។ ​

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក ​Eliot Engel​ បាន​ថ្លែង​ថា៖​
«តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ សំណើ​កាត់​ថវិកា​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ប្រាប់​ពិភព​លោក​ថា​ គោលនយោបាយ​ការ​បរទេស​របស់​លោក ត្រាំ ស្ថិត​ក្នុង​ចំណោម​គោល​នយោបាយ​នានា​របស់​លោក​ដែល​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​នឹង​ពិភពលោក។

នេះ​គឺ​ជា​ការ​ដក​ចេញ​ពី​អ្វី​ដែល​ការ​ដឹកនាំ​របស់​អាមេរិក​ត្រូវ​ការ​ចាំបាច់​បំផុត។ យើង​ដឹង​ថា​មាន​ប្រទេស​ដែល​មិន​ផ្តល់​តម្លៃ​ដល់​ប្រទេស​យើង​ គឺ​ប្រទេស​ចិន​ រុស្ស៊ី​ និង​ប្រទេស​អ៊ីរ៉ង់។ ប្រទេស​ទាំង​នេះ​ពេញ​ចិត្ត​ក្នុង​ការ​កាត់​បន្ថយ​ជំនួយ​នេះ»។

ចំណែក​ឯ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក​ Michael McCaul​ វិញ​បាន​ថ្លែង​ថា៖ «ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ខ្ញុំ​យល់ស្រប​ជាមួយ​នឹង​លោក​ប្រធាន​គណៈ​កម្មាធិការ។ ខ្ញុំ​ជឿ​ថា​ការ​កាត់បន្ថយ​ថវិកា​ខ្លះ នឹង​មាន​ផលប៉ះពាល់​ដល់​ប្រទេសជាតិ​ក្នុង​រយៈពេល​វែង។​ ហើយ​នេះ​គឺ​ជា​ការពិត​ដែល​ការ​កាត់​ជំនួយ​នេះ​នឹង​ប៉ះ​ពាល់​ដល់​កម្មវិធី​ជំនួយ​មនុស្សធម៌​ និង​ការ​អភិវឌ្ឍ​ ដែល​ជា​ជំនួយ​សំខាន់​ដើម្បី​ជួយ​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ គាំទ្រ​ដល់​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​ និង​ជួយ​ផ្តល់​ធនធាន​សង្គ្រោះ​ជីវិតដើម្បី​ជំរុញ​ស្ថិរភាព​នៅក្នុង​តំបន់​នានា​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​អំពើ​ភេរវកម្ម​ និង​មនោគមន៍​វិជ្ជា​ជ្រុល​និយម»។

លោក​រដ្ឋមន្រ្តី​ការបរទេស ​Mike Pompeo​ បាន​ថ្លែង​ថា​លោក​ដឹង​ច្បាស់​អំពី​ការ​គំរាម​កំហែង​ដោយ​ប្រទេស​ចិន​ និង​រុស្ស៊ី​ ប៉ុន្តែ​លោក​បាន​និយាយ​ថា​ រដ្ឋបាល​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្លាក់​បន្ទុក​លើ​អ្នក​បង់ពន្ធ​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង។

លោករដ្ឋមន្រ្តី ​Mike Pompeo​ បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ប្រទេស​ចិន​និង​រុស្ស៊ី​មិន​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​យុទ្ធសាស្រ្ត​នៅ​ក្នុង​សម័យ​កាល​ប្រកួត​ប្រជែង​អំណាច​នេះ​បាន​ជា​ដាច់​ខាត។ យើង​នឹង​បន្ត​ការវិវត្ត​របស់​យើង​ឲ្យ​បាន​ដល់​ទីបញ្ចប់​ និង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឲ្យ​បាន​ទាំង​ស្រុង។ ហើយ​យើង​នឹង​គាំទ្រ​ប្រជា​ពលរដ្ឋ​វេណេស៊ុយអេឡា​ ខណៈ​ពួកគេ​កំពុង​ដើរ​ទៅរក​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ដោយ​សន្តិភាព»។

លោក ​Pompeo ​បាន​និយាយ​បន្ថែម​ថា ​គម្រោង​ថវិកា​ថ្មី​នេះ​នឹង​ស្នើ​ឲ្យ​បង្កើត​អាជ្ញាធរ​ថ្មី​មួយ​ដើម្បី​ជួយ​គាំទ្រ​ដល់​អន្តរកាល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា ​រួមទាំង​ថវិកា​ជំនួយ​ការបរទេស​រហូត​ដល់​៥០០​លាន​ដុល្លារ​ផង​ដែរ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រិចន្តា