ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថ្កោល​ទោស​ការ​ជ្រៀត​ជ្រែក​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​វេណេស៊ុយអេឡា


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov កំពុង​និយាយ​តាមទូរស័ព្ទ។
រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov កំពុង​និយាយ​តាមទូរស័ព្ទ។

​លោក ​Sergei Lavrov ​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​បាន​ថ្កោល​ទោស​កាល​ពីថ្ងៃ​សៅរ៍​អំពី​អ្វី​ដែល​លោក​បាន​ហៅ​ថា ​«ការ​ជ្រៀត​ជ្រែក​ជាក់​ស្តែង​របស់​សហរដ្ឋ​អាមេរិក»​ និង​ «ឥទ្ធិ​ពល​ប្រកប​ដោយ​ការ​បំផ្លិច​បំផ្លាញ» ​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​ជាមួយ​លោក​ Mike Pompeo ​រដ្ឋមន្រ្តី​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក។

លោក​ Lavrov បាន​និយាយ​នៅ​ក្នុង​អត្ថាធិប្បាយ​ដែល​ត្រូវ​បាន​ដក​ស្រង់​ដោយ​ក្រសួង​ការ​បរទេស​របស់​លោក​ថា​៖ «ការបង្ក​ហេតុ​និង​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​មក​ពី​ខាង​ក្រៅ​ នៅ​ក្រោម​លេស​លាក់​ពុត​នៃ​ជំនួយ​មនុស្ស​ធម៌​មិន​មាន​អ្វី​ទាក់​ទិន​ទៅ​នឹង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាល់​តែ​សោះ»។​

ការរិះគន់​យ៉ាង​ខ្លាំង​នេះ​កើត​មាន​ឡើងមួយ​ថ្ងៃ​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី ​បាន​ទង្គិច​ពាក្យ​សម្តី​គ្នាថាតើ​ជួយ​ប្រទេស​វេណេស៊ុយអេឡា​ដែល​មាន​វិបត្តិ​នោះ​យ៉ាង​ដូចម្តេច។ រដ្ឋាភិបាល​ក្រុង​មូស្គូ ​បាន​សន្យា​ផ្តល់​ជំនួយ​សង្គ្រោះ​ថ្មីតាម​រយៈ​ប្រធានា​ធិបតី Nicolas Maduro ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោនបាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដោយបាន​រារាំង​ជំនួយ​សហរដ្ឋ​អាមេរិក។

លោក ​Juan Guaido​ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេស៊ុយអេឡា ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ទទួល​ស្គាល់​ជា​ប្រធានា​ធិបតី​អន្តរកាល​ ​បាន​សង្ឃឹម​ថា ​នឹង​នាំ​យក​ម្ហូប​អាហារ​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំងដែល​សហរដ្ឋ​អាមេ​រិក​បានសម្រប​សម្រួល​ជាមួយ​ប្រទេស​កូឡុំប៊ី​និង​ប្រេស៊ីល។

​ក្នុង​អំឡុង​នៃការ​សន្ទនា​របស់​លោក​ជាមួយ​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង ​លោក Lavrov បាន​ថ្កោល​ទោស​ «សហរដ្ឋ​អាមេរិក​ដែល​គំរាម​កំហែង​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅប្រទេស​វេណេស៊ុយអេឡា។ លោក​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីន​តោន​ពី​ការជ្រៀតជ្រែក​ជាក់ស្តែង​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​មាន​អធិប​តេយ្យ​មួយ​ និង​ជាការ​រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​គ្មាន​ការ​អៀន​ខ្មាស់»៕

រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ​និយាយ​ទៀត​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ​បាន​ប្រុង​ប្រៀប​ខ្លួន​ហើយ​ដើម្បី​ធ្វើ​ការ​ចរចា​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាមេរិក​ស្តីពី​វេណេស៊ុយអេ​ឡាហើយ​បាន​បញ្ជាក់​ទៀត​ថា «មានតែ​ពលរដ្ឋ​វេណេស៊ុយអេឡា​ទេ ​មាន​សិទ្ធិដើម្បី​សម្រេច​អនាគត​របស់​ខ្លួន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG