លោកស្រី Rashida Tlaib សមាជិកាសភាតំណាងរាស្ត្រអាមេរិកាំងបានប្រែក្រឡាស់ការសម្រេចរបស់លោកស្រីដែលថានឹងធ្វើដំណើរទៅកាន់តំបន់ត្រើយខាងលិចនៃទន្លេ Jordan ដើម្បីទៅជួបជីដូន។
ការកែប្រែចិត្តនេះ ធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពីក្រសួងមហាផ្ទៃនៃប្រទេសអ៊ីស្រាអែល បាននិយាយថាខ្លួនអនុញ្ញាតឱ្យអ្នកតាក់តែងច្បាប់ស.រ.អា.រូបនេះទៅជួបជីដូនសញ្ជាតិប៉ាឡេស្ទីន របស់លោកស្រីដោយ «ហេតុផលមនុស្សធ៌ម»។
នៅក្នុងសារ Twitter មួយកាលពីព្រឹកថ្ងៃសុក្រ លោកស្រី Tlaib បាននិយាយថា «វាជាការធ្វើឱ្យខ្ញុំបាក់មុខមាត់។ ខ្ញុំបានសម្រេចថា ការទៅជួបសួរសុខទុក្ខជីដូនខ្ញុំនៅក្រោមស្ថានភាពសង្កត់សង្កិនទាំងនេះជាការប្រឆាំងនឹងអ្វីទាំងអស់ដែលខ្ញុំមានជំនឿលើ នោះគឺការប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍ ការសង្កត់សង្កិន និងអំពើអយុត្តិធ៌ម»។
លោកស្រី Tlaib បានសរសេរលិខិតមួយច្បាប់ទៅកាន់លោក Aryeh Deri រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ស្នើសុំទៅកាន់តំបន់ West Bank ដើម្បីទៅជួបសួរសុខទុក្ខជីដូនលោកស្រីដោយនិយាយថា នេះជាឱកាសចុងក្រោយបង្អស់ដើម្បីបានឃើញលោកយាយ។ នៅក្នុងសំបុត្រនោះ លោកស្រី Tlaib បានមានប្រសាសន៍ថា លោកស្រីនឹងគោរពតាមការរឹតត្បិតទាំងអស់ហើយនឹងមិនផ្ចុងផ្តើមការធ្វើពហិការប្រឆាំងនឹងអ៊ីស្រាអែលទេ។
លោករដ្ឋមន្ត្រីមហាផ្ទៃអ៊ីស្រាអែល លោក Deri បាននិយាយនៅក្នុង Twitter មួយថា លោកបានយល់ព្រមដល់សំណើសុំរបស់លោកស្រី Tlaib ជាកាយវិការមួយនៃសុឆន្ទៈ ក៏ប៉ុន្តែ«វាគ្រាន់តែជាសំណើបង្ករឿងមួយដែលមានគោលដៅ
វាយប្រហារតាមពាក្យសម្តីប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល។ វាជាការបញ្ជាក់ច្បាស់លាស់នៃការស្អប់របស់លោកស្រីលើប្រទេសអ៊ីស្រាអែល មានលើសពីសេចក្តីស្រឡាញ់របស់លោកស្រីដល់ជីដូនលោកស្រី»។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប្រទេសអ៊ីស្រាអែលបាននិយាយថា ខ្លួនបដិសេធមិនឱ្យលោកស្រី Tlaib និងលោកស្រី Ilhan Omar ដែលជាសមាជិកាសភាតំណាងរាស្ត្រអាមេរិកាំងដែរនោះ ចូលក្នុងប្រទេសអ៊ីស្រាអែល ទេហើយការណ៍នេះបានបណ្តាលឱ្យមានរឿងចម្រូងចម្រាស់ថ្មីមួយនៅក្នុងការជជែកដេញដោលគ្នាអំពីការគាំទ្ររបស់ស.រ.អា.ដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងភូមិភាគមជ្ឈិមបូព៌ា។
គ្មានការនិយាយយោងដល់ឈ្មោះលោកស្រី Omar ក្នុងសេចក្តីប្រកាសនេះរបស់អ៊ីស្រាអែល ទេ៕