សហរដ្ឋ​អាមេរិក​សម្លាប់​មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​ឃុត ​(Quds) ​របស់​អ៊ីរ៉ង់

រូប​ឯកសារ៖ ​ឧត្តមសេនីយ៍ Qassem Soleimani មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​ឃុត (Quds) របស់​អ៊ីរ៉ង់​ ក្នុង​រូប​ថត​​​​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦។

រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រាប់​ទូរទស្សន៍​ខ្សែ​កាប CNN ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ​ថា ​ការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់​មេបញ្ជាការ​​កងកម្លាំងឃុតអ៊ីរ៉ង់បាន​បង្អាក់​ការ​វាយ​ប្រហារ​មួយលើ​ពលរដ្ឋ​អាមេរិ​កាំង។

សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ប្រឆាំ​ង​នឹង​ប្រទេស​អ៊ីរ៉ង់ ​ដោយ​បាន​សម្លាប់​មេដឹកនាំ​កងកម្លាំង​ពិសេស​ឃុត (Quds) ​នៃ​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុងការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

មន្ទីរ​បញ្ចកោណ ​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ឧត្តមសេនីយ៍ Qassem Soleimani មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​ឃុត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​និយាយ​ថា ​ការវាយ​ប្រហារ​នេះ ​បានធ្វើ​ឡើង​ទៅតាម​បញ្ជា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ។

​សេចក្តី​ថ្លែងការណ៍​នោះ ​បាន​ពណ៌​នា​ការ​វាយ​ប្រហារ​នោះ​ថាជាចំណាត់​ការចាំ​បាច់​ដើម្បី​ការពារ​បុគ្គលិក​សហរដ្ឋ​អាមេរិក​នៅ​បរទេស។

​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន ប្រាប់​ឲ្យ​ដឹង​ថា «ឧត្តមសេនីយ៍ Soleimani ​បាន​រៀបចំ​ផែនការ​យ៉ាង​សកម្ម​ដើម្បី​វាយ​ប្រហារ​អ្នកការទូត​និង​បុគ្គលិក​យោធា​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​នៅ​ទូទាំង​តំបន់»។

​សេចក្តី​ថ្លែងការណ៍​នោះ បញ្ជាក់​ទៀត​ថា «ការ​វាយ​ប្រហារ​នេះ ​មាន​គោល​បំណង​រារាំងផែនការ​វាយ​ប្រហារ​នៅ​ពេល​អនាគត​របស់​អ៊ីរ៉ង់។សហរដ្ឋ​អាមេរិក ​នឹង​បន្ត​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់​ដើម្បី​ការពារ​ពលរដ្ឋ​និង​ផល​ប្រយោជន៍​របស់​យើង​នៅ​ជុំវិញ​ពិភពលោក»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​បញ្ចេញសេចក្តី​លម្អិត​បន្តិច​បន្តួច​ប៉ុណ្ណោះ​ពីការ​វាយ​ប្រហារ​នេះ ​ក៏ប៉ុន្តែ ​ពួកមន្រ្តី​អ៊ីរ៉ាក់ ​បាន​និយាយ​ថា ​គ្រាប់​រ៉ុកកែត​បាន​បាញ់ត្រូវ​ចំ​ក្បួន​រថយន្ត​ដែល​ធ្វើ​ដំណើរ​នៅ​ជិតអាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បាដាដ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

រូប​ថត​ពី​បណ្តាញ​សង្គម​នេះ​បង្ហាញ​ពី​គំនរ​ឆេះ​នៅ​តាម​ផ្លូវ​មួយ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​បាដាដ​ ហើយ​តាម​ប្រភព​ព័ត៌មានយោធា​អ៊ីរ៉ាក់​ថា ​ជា​កន្លែង​រង​គ្រាប់​រ៉ុកកែត​បី​គ្រាប់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។

​ក្រុម​មន្រ្តី​អ៊ីរ៉ាក់ ​និយាយ​ទៀត​ថា លោក Abu Mahdi al-Muhandis ​មេបញ្ជាការ​រង​របស់​កង​ជីវពល​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​គេ​ស្គាល់​ថា «កងកម្លាំងពលរដ្ឋ​ប្រមូល​ផ្តុំ»ក៏បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែរ។ ពួក​មន្រ្តី​កំពូល​ផ្សេង​ទៀត ​ក៏​អាច​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។

តាំងពីមុនពេល​ក្រសួងការ​ពារ​ប្រទេសអាមេរិក ​បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​លើ​ឧត្តមសេនីយ៍ Soleimani ម្លេះ ​រូប​ថត​បង្ហាញ​ពី​សាកសព​របស់​ឧត្តមសេនីយ៍​អ៊ីរ៉ង់​រូប​នោះ ​បាន​ត្រូវ​គេ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម។

រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រាប់​ទូរទស្សន៍​ខ្សែ​កាប CNN ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ​ថា ​ការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់​មេបញ្ជាការកងកម្លាំងឃុតអ៊ីរ៉ង់បាន​បង្អាក់​ការ​វាយ​ប្រហារ​មួយលើ​ពលរដ្ឋ​អាមេរិ​កាំង។

​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeo ​មាន​ប្រសាសន៍​ទៀត​ថា «ឧត្តមសេនីយ៍​អ៊ីរ៉ង់​រូប​នោះ បាន​ចាត់​ចែង​ផែនការ​សម្ងាត់​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់​ដើម្បីចាត់​វិធាន ការ​ដោយ​មាន​សកម្មភាព​ធំៗ ដូច​ដែល​ឧត្តម​សេ​នីយ៍​អ៊ីរ៉ង់​រូប​នោះ ​បាន​ពណ៌នា​ថា ​ផែនការ​សម្ងាត់​នោះ ​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រាប់​សិប​នាក់​ឬ​ដល់​រាប់​រយ​នាក់​មាន​គ្រោះ​ថ្នាក់។ យើង​ដឹង​ថា ភាព​គ្រោះ​ថ្នាក់​នោះ​ធំធេង​ណាស់»។

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​ ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​ចក្រ​ភព​អង់គ្លេស Dominic Raab ​និង​លោក Heiko Maas ​រដ្ឋ​មន្រ្តីការ​បរទេស​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​ពី«ចំណាត់​ការ​ការពារ​ខ្លួនដើម្បី​កម្ចាត់​ឧត្តមសេនីយ៍ Soleimani ​ហើយ​បាន​ថ្លែង​អំណរ​គុណចំពោះ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​ទាំង​២​ចំពោះ​សេច​ក្តី​ថ្លែងការណ៍​កាល​ពីពេល​ថ្មី​ៗ​នេះ​ដែល​ទទួល​ស្គាល់​ពីការ​បន្ត​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​មក​ពី​អ៊ីរ៉ង់​និង​កងកម្លាំង​ឃុត។

​ពួក​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ឆ្មាំ​ការ​ពារ​បដិវត្តន៍ ​របស់​អ៊ីរ៉ង់ ​ក៏​បាន​បញ្ជាក់​ភា្លមៗ​ដែរ​ពី​ការ​ស្លាប់​របស់​ឧត្តមសេនីយ៍ Soleimani​ និងលោក al-Muhandis ដោយ​បាន​ស្តីបន្ទោស​សហរដ្ឋ​អាមេរិក។

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក Javad Zariffបាន​ហៅ​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​នោះ​ថា«ជា​សកម្មភាព​ភេរវកម្ម»។ លោកZariff បាន​ផ្ញើសារ​តាមTwitterថា ​កា​រ​វាយ​ប្រហារ​នោះ «មាន​ភាព​គ្រោះ​ថ្នាក់​បំផុតនិង​ជាការបង្កើនភាព​តានតឹង​ឆ្កួត​លីលា»។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោកAyatollah Khameneiបាន​អំពាវនាវ​ឲ្យ​មានការ​កាន់​ទុក​ជាតិ​រយៈ​ពេល​៣​ថ្ងៃ​ហើយ​បាន​ព្រមាន​ថា «សត្រូវ​ទាំងអស់ ​ត្រូវ​តែដឹងថា ការ​តស៊ូ​របស់​ជីហាដ ​នឹង​បន្ត​ដោយ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ទ្វេដង ​ហើយ​ជ័យ​ជម្នះ​ពិត​ប្រាកដ​រង់ចាំ​ពួក​អ្នក​ប្រយុទ្ធ​នៅ​ក្នុងសង្គ្រាមសាសនា​នេះ»។

ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​កំពុង​ការពារ​ការវាយ​ប្រហារ​តាម​អាកាស​របស់សហរដ្ឋ​អាមេរិកដែល​បាន​សម្លាប់ឧត្តមសេនីយ៍​ដ៏​មាន​អំណាច​បំផុត​ម្នាក់​របស់​អ៊ីរ៉ង់ ​ដោយ​បាន​ច្រាន​ចោល​ការគំរាម​កំហែង​មក​ពីរដ្ឋាភិបាល​ក្រុង ​Tehranថា ​ខ្លួន ​នឹង​ធ្វើ​ការ​សងសឹក​នោះ។

​ក្នុង​អត្ថាធិប្បាយ​លើក​ទី​១​របស់​លោក​ចាប់តាំង​ពី​មន្រ្តី​ក្រសួងការ​ពារ​ប្រទេស ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​វាយ​តាម​អាកាស​នៅ​ជិត​ចំណត​អាកាសយានដ្ឋាន​ក្រុង​បាដាដក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពីព្រឹក​ថ្ងៃ​សុក្រ​(ម៉ោងក្នុងប្រទេស​អ៊ីរ៉ាក់) ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ស្តី​បន្ទោស​មេបញ្ជាការ​កងកម្លាំង​ឃុត​ចំពោះ​ការ​ស្លាប់​ពលរដ្ឋ​អាមេរិកាំង​រាប់​ពាន់​នាក់ ​ហើយ​បាន​និយាយ​ទៀត​ថា ​ការ​វាយ​ប្រហារ​នោះ ត្រូវ​ធ្វើតាំង​ពី​ពេល​មុន​យូរ​មកហើយ។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​បញ្ជូន​សារ​តាម Twitterកាលពី​ថ្ងៃ​សុក្រ​ថា «ឧត្តម​សេនីយ៍ Qassem Soleimani បាន​សម្លាប់​ឬ​ធ្វើ​ឲ្យ​របួស​ពលរដ្ឋ​អាមេរិកាំង​រាប់​ពាន់​នាក់មួយ​រយៈ​ពេល​កន្លង​មកនេះ ​ហើយ​បានធ្វើ​គម្រោងសម្ងាត់​ដើម្បី​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត»។

​លោក​ប្រធានា​ធិបតី​ត្រាំ ​និយាយ​បន្ថែម​ទៀត​ថា «ឧត្តមសេនីយ៍ Soleimani បាន​ត្រូវគេស្អប់​និង​ភ័យ​ខ្លាច។ ​ជន​នោះ ​គួរ​ត្រូវ​កម្ចាត់​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​លោក​ប្រធានាធិបតី​ត្រាំ ​បាន​ព្រមាន​អ៊ីរ៉ង់​ថា ​លោក ​នឹង​ធ្វើ​ឲ្យ​ពួក​មេដឹកនាំ​អ៊ីរ៉ង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​សមាជិក​របស់​កង​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ទៅលើ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ​ធានី​បាដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​និយាយ​ក្នុង​សារ​តាម Twitterថា «​អ៊ីរ៉ង់ ​នឹងទទួល​ផល​វិបាកយ៉ាង​ខ្លាំង។​នេះ​មិន​មែន​ជាការ​ព្រមាន​ទេ។​នេះ​ជាការ​គំរាម​កំហែង»។ ​ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក ​មិន​បានមើលឃើញ​ឬ​ប្រមើលមើលថា សហរដ្ឋ​អាមេរិកធ្វើ​សង្គ្រាម​ជាមួ​យ​អ៊ីរ៉ង់​ទេ។

​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​មាន​ប្រសាសន៍​ទៀត​ថា «ខ្ញុំ​មិន​គិតថា ​អ៊ីរ៉ង់ ចង់​ឲ្យ​មាន​សង្គ្រាម​កើតឡើង​ទេ។​ការណ៍​នេះ ​នឹង​អាចកើត​មានឡើង​ដ៏​ឆាប់​រហ័ស​បំផុត»។

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ពង្រាយ​រួចហើយនូវទាហាន​ចំនួន៧៥០​នាក់មក​ពី​កង​ពល​ទ័ពអាកាសលេខ៨២ប្រចាំ​នៅ​ប្រទេស​គុយវ៉ែត​ដើម្បី​ជួយការពារ​ទីតាំង​និង​បុគ្កលិក​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។មន្រ្តីការ​ពារ​ប្រទេស​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​កងទ័ព​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​កន្លែង​នោះ ​បើ​ត្រូវ​ការ។

ពួក​អ្នក​ជំនាញ​និង​អ្នកតាម​ដាន​សភាពការណ៍ ​បាន​គិតថា ទោះមាន​អ្វីៗ​ក៏ដោយ​ដែល​នឹង​កើត​មាន​ឡើង​នៅពេល​ខាង​មុខ ក៏​ការទាក់​ទង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ​មាន​ការ​ផ្លាស់​ប្តូរហើយ។

លោក IIan Berman អនុប្រធាន​ក្រុម​ប្រឹក្សា​គោល​នយោបាយ​ការបរទេស​អាមេ​រិក ​បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ផ្ញើទៅ​កាន់ VOA​ ផ្សាយ​ជា​ភាសា​ពែក្ស​ថា «​ការ​វាយ​ប្រហារ​នេះ ​មាន​សញ្ញា​យ៉ាង​ច្បាស់​មួយមក​ពី​សហរដ្ឋ​អាមេរិក​ថា ​ព្រំដែននៃ​ការប្រឈមរបស់​យើង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ និយាយឲ្យ​ខ្លី​ទៅ ​សហរដ្ឋ​អាមេរិក ​បាន​បង្ហាញ​ថា ​ខ្លួន​លែង​ប្រុង​ប្រៀប​ធ្វើ​ការ​អត់​ធ្មត់​ចំពោះ​ការ​បង្កហេតុ​ម្តង​ហើយ​ម្តងទៀត​ពី​ប្រទេស​អ៊ីរ៉ង់​ទៀត​ហើយ»។

លោក Bill Roggioអ្នក​ស្រាវជ្រាវជាន់​ខ្ពស់​នៅឯមូលនិធិ​ការ​ពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​ប្រាប់ VOA ​ថា «​មានភាពប្រថុយ​ប្រថាន​យ៉ាង​ខ្លាំង»។ លោក ហៅការ​វាយ​ប្រហារដែល​បាន​សម្លាប់​ឧត្តម​សេនីយ៍ Soleimani​នោះ​ថា «ជាការវាយ​ប្រហារទ្រង់​ទ្រាយធំបំផុត»​ចាប់​តាំងពី​សហរដ្ឋ​អាមេ​រិក ​បាន​សម្លាប់ Osama bin Laden មេដឹកនាំ​ក្រុម​អាល់​កៃ​ដាមក។

លោក​បាន​និយាយ​ទៀត​ថា «ឧត្តមសេនីយ៍ Soleimani ​និង Muhandis បាន​ត្រូវ​គោរព​យ៉ាង​ខ្លាំង​ដោយ​ពួក​កង​ជីវពល​និកាយ​ស៊ា​ (Shia) អ៊ីរ៉ាក់។ ​ពួកគេ​នឹង​ចង់​បានការ​បង្ហូរ​ឈាម​សងសឹក។ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ​អាច​មាន​លទ្ធភាព​ឬ​មាន​ឆន្ទៈ​ធ្វើ​អ្វីៗ​ដើម្បី​រារាំង​បញ្ហា​នេះ​ដែរឬទេ»។

សហរដ្ឋ​អាមេរិក ​មាន​កងទ័ព​ប្រហែល​៥.០០០​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​ប្រ​ហែល​៥៥.០០០​នាក់​ទៀត​នៅ​ទូទាំង​តំបន់​មជ្ឈឹម​បូព៌ា។ កងទ័ព​អាមេរិក​ទាំង​អស់​នេះ​អាច​ជា​ទី​ដៅរបស់​អ៊ីរ៉ង់។

​លោក Aaron David Miller ​ជាអតីតអ្នក​វិភាគ​និងជា​អ្នក​ចរចា​ខាង​តំបន់​មជ្ឈឹម​បូព៌ា​នៅក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​បញ្ជូន​សារ​តាម Twitter ថា «​សំណួរ​សំខាន់​គឺថាតើព្រឹត្តិ​ការណ៍​នេះ ​នឹង​នាំ​ឲ្យ​មានការ​ប្រឈមមុខ​ខាង​យោ​ធា​ឬដល់​សង្គ្រាម​យូរ​អង្វែង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ហើយ​នឹង​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​ដែរ​ឬ​ទេ។​បញ្ហា​ទាំង​នេះ ​នឹង​កាន់​តែ​អាក្រក់​ឡើងៗ»។

ក្រុម​មន្ត្រីអាមេរិក បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​លើក​ច្រើន​សារ អំពី​សមត្ថភាព​យោធា​របស់អ៊ីរ៉ង់ ដោយ​បាន​ព្រមាន​ថា​កង​កម្លាំង​ ​រដ្ឋាភិបាល​ក្រុង Tehran អាច​ធ្វើ​ការ​វាយ​ប្រហារ​លើ​បុគ្គលិក និង​ទី​តាំង​នានា​នៅ​ទូទាំងតំបន់​មជ្ឈឹមបូព៌ា។

ការ​ព្រួយ​បារម្ភ​ខ្លះ​ផ្តោត​ទៅ​លើ​បច្ចេកវិជ្ជា​កាំជ្រួច Ballistic Missile និង​អំណាច​កង​កម្លាំង​ជើង​ទឹករបស់​អ៊ីរ៉ង់។ កាល​ពី​ខែ​កក្កដា​កន្លងទៅ​នេះ អ៊ីរ៉ង់​ថែម​ទាំង​បាន​បង្អាក់​ការ​បើក​បរ​នាវា នៅ​ក្នុង​ច្រក​សមុទ្រ Hormuz ហើយ​បាន​រឹប​អូស​នាវា​ដឹក​ប្រេង​មួយ​ចំនួន។

ប៉ុន្តែ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា កង​កម្លាំងដែល​ចំណុះ​ឲ្យ​អ៊ីរ៉ង់ ឧទាហរណ៍​ដូច​ជា​ក្រុម​ជីវ​ពល​ដែល​អ៊ីរ៉ង់​ឧបត្ថម្ភ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរ៉ី​ជា​ដើម អាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ។

លោក Philip Smyth ជា​អ្នក​វិភាគ​ម្នាក់​នៅ​វិទ្យាស្ថាន Washington សម្រាប់​ការសិក្សា​គោល​នយោបាយ​តំបន់​ក្បែរ​បូព៌ា។ លោក​ថ្លែង​ថា ក្រុម​ទាំង​នោះ​ជា​ការ​គំរាម​កំហែងច្រើន​ជាង ហើយ​មាន​ការ​រៀបចំ​ល្អ​ជាង​ក្រុម Sunni ណាៗ​ទាំង​អស់។ លោក​បន្ត​ទៀត​ថា​ក្រុម​ទាំង​នេះ​ធ្វើ​ការ​មិន​ដូចគេ​ដូច​ឯង​ទេ ឬ​ដូច​ពួក​រដ្ឋ​អ៊ីស្លាម​ទេ។ ពួក​នេះ​មាន​ការ​រៀប​ចំ​ល្អ​ជាង​ឆ្ងាយ​ណាស់។

ទោះ​ជា​មាន​គ្រោះ​ថ្នាក់​បែប​នេះ​ក៏​ដោយ ក៏​សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះ បាន​កោត​សរសើរ​ចំពោះ​ការ​វាយ​ប្រហារ​របស់​សរអា លើ​ឧត្តមសេនីយ៍ Soleimani ដែរ។

លោកJames Inhofe ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​យោធា។ លោក​ថ្លែង​ថា «លោក​ប្រធានាធិបតី Trumpបាន​និយាយ​ច្បាស់​លាស់​តាំង​ពី​ដើម​មក​ហើយ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​បង្ហូរ​ឈាម​អាមេរិកាំង​ទេ ហើយ​យប់​នេះ​លោក​បាន​ចាត់​វិធាន ការណ៍​ តាម​ក្រោយ​សម្តី​របស់ លោក។

សមាជិក​ព្រឹទ្ធ​សភា Ben Sasse ដែល​ត្រូវ​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​ព្រឹទ្ធ​សភា​ទទួល​បន្ទុក​កិច្ចការ​ស៊ើបការណ៍​សម្ងាត់​បាន​ថ្លែង​ថា «លោក​ប្រធានាធិបតី បាន​ធ្វើ​សេចក្តី​សម្រេច​យ៉ាង​ក្លាហាន និង​ត្រឹម​ត្រូវហើយ​ពល​រដ្ឋ​អាមេរិកាំង​ គួរ​តែ​មាន​មោទនភាព។ ឧត្តមសេនីយ៍ Soleimani ស្លាប់​ដោយសារ​តែ​គាត់​ជា​មនុស្ស​អាក្រក់​ដែល​ធ្វើ​ឃាត​ជនជាតិ​អាមេរិកាំង។‍»

អតីត​អនុ​ប្រធានាធិបតី និង​បច្ចុប្បន្ន​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោកJoe Biden ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង។ នៅ​ក្នុង​សារ​មួយ​លោក​ថ្លែង​ថា ស្រប​ពេល​ដែល​លោក​ទទួល​ស្គាល់​ថា​ឧត្តមសេនីយ៍ Soleimani «សម​នឹងត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​គាត់​ប្រឆាំង​និង​កង​ទ័ពសហរដ្ឋ​អាមេរិក​និង​មនុស្ស​ស្លូត​ត្រង់រាប់​ពាន់​នាក់នៅ​ក្នុង​តំបន់​ក៏​ដោយ‍» ក៏​លោក​ប្រធានាធិបតី Trump ត្រូវ​តែ​ពន្យល់​ប្រាប់​ពលរដ្ឋ​អាមេរិកាំង អំពី​យុទ្ធសាស្ត្រ​និង​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​យោធា​អាមេរិក និង អ្នក​ការទូត​ព្រមទាំង​សម្ពន្ធមិត្ត មាន​សុវត្ថិភាព​ទាំង​ក្នុង​ប្រទេស​អាមេរិក​ទាំង​នៅ​បរទេស។

លោក Biden បាន​ថ្លែង​ថា «​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋបាល​លោកTrump បាន​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អស់​ហើយ អំពី​ផល​ប៉ះ​ពាល់​ផ្សេងៗ ដែល​កើត​ចេញ​ពី​មាគ៌ា​ដែល​ពួកគេ​បាន​ជ្រើស​រើស​។ ប៉ុន្តែ​ខ្ញុំ​ភ័យ​ខ្លាច​ថា​រដ្ឋបាល​នេះ​មិន​បាន​បង្ហាញ​នូវ​វិន័យ ឬ ទស្សនវិស័យ​វែង​ឆ្ងាយ​ណា​មួយ ដែល​ត្រូវ​មាន ហើយ​ស្ថានភាព​ពេល​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត»។

ទោះ​ជា​កង​កម្លាំង​បដិវត្តន៍​និង​កង​កម្លាំង Quds ​របស់​អ៊ីរ៉ង់​ជា​ផ្នែក​មួយ​នៃ​កងយោធា​អ៊ីរ៉ង់​ក៏​ដោយ ក៏​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ចាត់​ទុក​ពួកគេ​ថា​ជា​អង្គការ​ភេរវកម្ម​បរទេស​ កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៩ ដោយ​សារ​តែ​ចំណង​ទាក់​ទង​របស់​ពួកគេ ជាមួយ​បណ្តា​ក្រុម​ភេរវករ​នៅ​មជ្ឈមបូព៌ា​ដូច​ជា​ពួកHezbollah និងHamas ជា​ដើម។

សហរដ្ឋ​អាមេរិក​ថែម​ទាំង​ដាក់​កំហុស​លើ​កង​កម្លាំង​បដិវត្ត និង កង​កម្លាំង Quds ចំពោះ​មរណ ភាព​របស់​បុគ្គលិក​យោធា​អាមេរិកាំង​ជាង ៦​រយ​នាក់ ក្នុង​ប្រទេស​អ៊ីរ៉ាក់ រវាង​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១១ ផង​ដែរ៕