អាមេរិក​និង​អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​មាន​អ្នកសង្កេតការណ៍​ក្នុង​តំបន់ Nagorno-Karabakh

ជនជាតិ​អាមេនី​មក​ពី​តំបន់ Nagorno-Karabakh ជិះ​រថយន្ត​តាម​ផ្លូវ​ទៅ​កាន់​ភូមិ Kornidzor ក្នុង​តំបន់ Syunik ប្រទេស​អាមេនី ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់​ បាន​អំពាវនាវឱ្យ​មានការ​អនុញ្ញាត​ដល់​អ្នក​សង្កេតការណ៍​អន្តរជាតិ ​ចូល​ទៅ​ក្នុង​តំបន់ Nagorno-Karabakh ខណៈ​ពេល​ដែលប្រទេសអាស៊ែបៃហ្សង់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទាហាន​របស់​ខ្លួន​ចំនួន​១៩២​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុងប្រតិបត្តិការ​មួយ​ ដើម្បីដណ្តើម​យក​តំបន់​នេះ​មក​វិញ​ពីក្រុម​អ្នកបំបែក​ខ្លួន​ជនជាតិ​ភាគតិច​អាមេនី​។​

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិកនិយាយ​ថា​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Antony Blinken បាន​ជំរុញដល់​ប្រធានាធិបតី​ប្រទេស​អាស៊ែបៃហ្សង់​ លោក ​lham Aliyev​ នៅ​ក្នុង​ការ​ហៅ​តាម​ទូរស័ព្ទ​មួយ​ ដើម្បី​ធានា​ថា​ ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងតំបន់​ Nagorno-Karabakh​ ​នឹង​ត្រូវ​បាន​ការពារ​ និងអនុញ្ញាត​ឱ្យ​មាន​ផ្នែក​មនុស្សធម៌​បាន​ចូល​ទៅ​ដល់តំបន់​នោះ។

ខុទ្ទកាល័យរបស់​ប្រធានាធិបតី Aliyev​ បាន​និយាយ​ថា​ លោក ​Aliyev​ បានប្រាប់​លោក​ Blinken ថា​ សកម្មភាព​ទាំង​នេះ​កំពុង​ដំណើរការ ដើម្បី​ធានា​សិទ្ធិ​របស់​ពលរដ្ឋ​អាមេនី ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ Karabakh​ និង​ថា កងកម្លាំង​អាស៊ែបៃហ្សង់​ បើកប្រតិបត្តិការ​វាយប្រហារ​រយៈពេល​២៤​ម៉ោង​ កាល​ពី​សប្តាហ៍​មុន​ ដោយ​សំដៅទៅ​លើ​ទីតាំង​យោធា​តែ​ប៉ុណ្ណោះ។​

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់អ្នក​ស្រី​ Annalena Baerbock ​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​អនុញ្ញាត​ឱ្យ​ក្រុមអ្នក​ត្រួតពិនិត្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ ​គឺ​ជា​ភស្តុតាង​នៃជំនឿ​ចិត្ត​ដែល​ថា​ ​ប្រទេស​អាស៊ែបៃហ្សង់​មាន​លក្ខណៈ​ម៉ឺងម៉ាត់​លើការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ ស្តី​ពី​បញ្ហាសន្តិសុខ​និង​សុខមាលភាពរបស់​ពលរដ្ឋ​ក្នុង​តំបន់ ​Nagorno-Karabakh។

​អ្នក​ស្រី​ Baerbock​ ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ​ប្រទេស​អាល្លឺម៉ង់នឹង​ផ្តល់ជំនួយ​មនុស្ស​ធម៌បន្ថែម​ទ្វេដងតាម​រយៈ​កាកបាទក្រហម​អន្តរជាតិ​ ដោយបង្កើន​ប្រាក់​ជំនួយដល់​ជាង​៥លាន​ដុល្លារ​អាមេរិក។

ការ​វាយប្រហាររបស់​កងកម្លាំង​អាស៊ែបៃហ្សង់​ បានធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​អាមេនី​រាប់ពាន់​នាក់​ ត្រូវ​រត់​ចេញ​ពីតំបន់​ Nagorno-Karabakh​ ដែល​ស្ថិត​ក្នុង​ទឹកដី​របស់​អាស៊ែបៃហ្សង់​ ប៉ុន្តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ភាគតិច​អាមេនី​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ​មក​ រហូត​ដល់​ផ្នែក​ខ្លះ​នៃ​តំបន់នេះ ត្រូវ​បាន​ដណ្តើម​យក​មកគ្រប់គ្រង​ឡើងវិញ ដោយប្រទេស​អាស៊ែបៃហ្សង់​ នៅក្នុង​សង្រ្គាម​កាល​ពី​ឆ្នាំ​២០២០​ កន្លង​ទៅ។​

មាន​ពលរដ្ឋ​អាមេនី​ជាង​៤ម៉ឺន​៣ពាន់នាក់​ ​បាន​មក​ដល់​ប្រទេសអាមេនីនៅ​ព្រលឹម​ថ្ងៃ​ពុធ​នេះ។​

មន្ត្រី​ក្រុមបំបែក​ខ្លួន​និយាយ​ថា​ មាន​មនុស្ស​ជាង​២០០​នាក់​ស្លាប់​ និង​៤០០​នាក់​រងរបួសនៅ​ខាង​ខ្លួន៕​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។