ពួកអាជ្ញាធរAzerbaijanនិងជនជាតិភាគតិចអាម៉េនីនៅក្នុងតំបន់បំបែករដ្ឋ Nagorno-Karabakh បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពី Azerbaijanបានចាប់ផ្តើមអ្វីដែលខ្លួនបានហៅថាកិច្ចប្រតិបត្តិការ«ប្រឆាំងភេរវកម្ម»។
កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយកងថែរក្សាសន្តិភាពរុស្ស៊ីអំពាវនាវឱ្យពួកកម្លាំងទាមទារបំបែករដ្ឋទម្លាក់អាវុធហើយកងកម្លាំងអាម៉េនីដកចេញពីតំបន់នោះ។
ពួកអាជ្ញាធរAzerbaijanនិងពួកអ្នកតំណាងមកពីជនជាតិភាគតិចអាម៉េនីនៅក្នុងតំបន់នោះមានកំណត់ពេលធ្វើការចរចានៅថ្ងៃព្រហស្បតិ៍ស្អែកនេះនៅក្នុងទីក្រុងYevlakh នៃប្រទេសAzerbaijanអំពីអនាគតនៃតំបន់នោះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏មានកំណត់ពេលធ្វើជំនួបគ្រាអាសន្នអំពីស្ថានភាពនៅតំបន់នោះនៅថ្ងៃព្រហស្បតិ៍នោះដែរ។
ពួកអាជ្ញាធរអាម៉េនីបាននិយាយថាការប្រយុទ្ធដែលបានបន្តចូលដល់ថ្ងៃពុធនេះបានធ្វើឱ្យមនុស្សយ៉ាងតិច៣២នាក់ស្លាប់ហើយនិងជាង២រយនាក់រងរបួស។
អំពើហិង្សានោះបានធ្វើឱ្យមានការអំពាវនាវអន្តរជាតិឱ្យមានសន្តិភាព រួមទាំងរុស្ស៊ីនិងសម្តេចរ៉ូម៉ាំងកាតូលិក Pope Francis ផងដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinkenបាននិយាយតាមទូរស័ព្ទកាលពីថ្ងៃអង្គារម្សិលមិញជាមួយប្រធានាធិបតី Azerbaijanលោក Ilham Aliyevនិងនាយករដ្ឋមន្ត្រីអាម៉េនីលោក Nikol Pashinyan។
លោករដ្ឋមន្ត្រីការបរទេសBlinkenបានប្រាប់លោក Aliyev ថាមិនមានដំណោះស្រាយយោធាទេហើយថា Azerbaijan និងជនជាតិភាគតិចអាម៉េនីនៅក្នុងតំបន់ Nagorno-Karabakh «ត្រូវតែបន្តការសន្ទនាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដ៏ខ្លាំងនេះ»។
សេចក្តីថ្លែងការណ៍ពីខុទ្ទកាល័យរបស់លោក Aliyev បានបញ្ជាក់ថាកិច្ចប្រតិបត្តិការយោធានឹងបញ្ឈប់ប្រសិនបើ ពួកអ្នកប្រយុទ្ធអាម៉េនីទម្លាក់អាវុធរបស់ពួកគេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters