ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ែបៃហ្សង់​ថា នឹង​ប្រយុទ្ធ «ដល់​ទី​បញ្ចប់» ប្រសិនបើ​ការ​ចរចា​រឿង​ជម្លោះ​នៅ​តំបន់ Nagorno-Karabakh បរាជ័យ


ប្រធានាធិបតី​​ប្រទេស​អាស៊ែបៃហ្សង់​លោក Ilham Aliyev បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា កងទ័ព​​របស់​ប្រទេស​លោក​​នឹង​ធ្វើ​ការ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ ប្រសិនបើ​ការ​ចរចា​​​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​​ជាមួយ​អាមេនី ទីក្រុង​បាគូ ​​ប្រទេស​អាស៊ែបៃហ្សង់​ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
ប្រធានាធិបតី​​ប្រទេស​អាស៊ែបៃហ្សង់​លោក Ilham Aliyev បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា កងទ័ព​​របស់​ប្រទេស​លោក​​នឹង​ធ្វើ​ការ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ ប្រសិនបើ​ការ​ចរចា​​​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​​ជាមួយ​អាមេនី ទីក្រុង​បាគូ ​​ប្រទេស​អាស៊ែបៃហ្សង់​ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​ប្រទេស​អាស៊ែបៃហ្សង់​លោក Ilham Aliyev បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា កងទ័ពរបស់​ប្រទេស​លោកនឹង​ធ្វើ​ការ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ ប្រសិនបើ​ការ​ចរចា​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ដើម្បី​ឲ្យ​កង​កម្លាំង​ជាតិ​សាសន៍​ភាគ​តិច​អាមេនី​ដក​ចេញ​ពីតំបន់​ជម្លោះ Nagorno-Karabakh និង​តំបន់​ជុំវិញ ៧ ផ្សេង​ទៀត​នោះ​ទេ។

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោកMevlut Cavusoglu ក្នុង​រដ្ឋធានី​បាគូ ប្រទេស​អាស៊ែបៃហ្សង់ លោក Aliyev ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​អាមេនី «ពុំ​មាន​មូលដ្ឋាន​ណា​មួយ» នៅ​ក្នុង​ការស្នើ​សុំ​ជំនួយ​យោធា​ពី​ប្រទេស​រុស្សី​នៅ​ក្នុង​ជម្លោះ​នេះ​ទេ។

មាន​សេចក្តីរាយការណ៍​មក​ថា មាន​ការ​ផ្លោង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​កម្លាំងប្រទេស​អាស៊ែបៃហ្សង់ និង​កងកម្លាំងជាតិសាសន៍​ភាគ​តិច​អាមេនី​នៅ​ក្នុង​និង​ជុំវិញ​តំបន់​ជម្លោះ Nagorno-Karabakh កាល​ពី​ថ្ងៃ​អាទិត្យ។

ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លង​មក​នេះ​ បានកើន​លើស ១.០០០ នាក់ និង​អាច​មាន​ចំនួន​ច្រើន​ជាងនេះ​ខ្លាំង។

តំបន់ Nagorno-Karabakh ត្រូវ​បាន​ទទួល​ស្គាល់ដោយ​អន្តរជាតិ ថា​ជា​ផ្នែក​មួយ​របស់​ប្រទេស​អាស៊ែបៃហ្សង់ ប៉ុន្តែ​ពលរដ្ឋ​ភាគ​ច្រើន​ក្នុង​តំបន់​នោះជា​ជាតិសាសន៍​ភាគ​តិចអាមេនី និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ជាតិ​សាសន៍​អាមេនី។

លោក Aliyev ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Azertag ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា លោក​ចង់​ដោះស្រាយ​ជម្លោះ​តាម​រយៈ​ការ​ចរចា ដែល​ឈាន​ទៅ​ដល់​ការ​ដក​កងទ័ព​ចេញ​របស់​ជាតិ​សាសន៍​អាមេនី​ពី​តំបន់​ជម្លោះ Nagorno-Karabakh។

លោក​បាន​បន្ថែម​ថា៖ «បើ​មិន​ដូច្នេះ​ទេ យើង​នឹង​បន្ត​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ស្ដារ​បូរណភាព​ទឹកដី​របស់​យើង​ឡើង​វិញ ហើយ...យើង​នឹង​បន្ត​រហូត​ដល់​ទី​បញ្ចប់»៕

XS
SM
MD
LG