សហរដ្ឋ​អាមេរិក​ថា ខ្លួន​មិន​ប្រកាន់​ជំហរ​ណា​មួយ​លើ​អធិបតេយ្យភាព​របស់​តៃវ៉ាន់​ទេ

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ជួបជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ក្នុង​អំឡុងពេល​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី ៧៧ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​មិន​ប្រកាន់​គោល​ជំហរ​ណា​មួយ​លើ​អធិបតេយ្យភាព​របស់​កោះ​តៃវ៉ាន់​នៅ​ក្រោម​គោល​នយោបាយ «ចិន​តែ​មួយ» របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ។

ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកAntony Blinken បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក នៅ​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។ នៅ​ក្នុង​ជំនួប​នោះ លោក Blinken បាន​ប្រាប់​លោក Wang ថា គោល​នយោបាយ «ចិន​តែ​មួយ» របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ។

បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​មិន​ព្រម​ប្រកាន់​គោល​ជំហរ​ណា​មួយ​ទាក់ទិន​នឹង​រឿង​អធិបតេយ្យភាព​របស់​កោះ​តៃវ៉ាន់​ក៏ដោយ ក៏​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ​គឺ​ជា​ការ​លើកឡើង​ជា​សាធារណៈ​ដ៏​កម្រ​មួយ។

នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​សួរ​ថា​តើ​កោះ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​នៅ​ក្រោម​គោល​នយោបាយ «ចិន​តែ​មួយ» របស់​រដ្ឋាភិបាល​សហដ្ឋ​អាមេរិក​មែន​ទេ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «សហរដ្ឋ​អាមេរិក​មិន​ប្រកាន់​គោល​ជំហរ​ណា​មួយ​លើ​រឿង​អធិបតេយ្យភាព​នេះ​ទេ ប៉ុន្តែ​គោល​នយោបាយ​ដែល​ជា​ចំណុច​សំខាន់​បំផុត​នៃ​វិធានការ​របស់​យើង​ចំពោះ​តៃវ៉ាន់​តាំងពី​ឆ្នាំ ១៩៧៩ មក គឺ​នៅតែ​ដដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ»។

លោក Price បាន​បញ្ជាក់​ថា៖ «អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ឱ្យ​នៅ​រក្សាទុក​គឺ​ស្ថានភាព​បច្ចុប្បន្ន ដោយ​ហេតុ​ថា​ស្ថានភាព​បច្ចុប្បន្ន​នេះ​តាំងពី​ឆ្នាំ ១៩៧៩ មក គឺ​ជាង ៤០ ឆ្នាំ​មក​ហើយ បាន​ធានា​ឱ្យ​មាន​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។ យើង​ចង់​ឃើញ​ស្ថានភាព​នេះ​នៅ​បន្ត​រហូត។ ជា​អកុសល ខ្ញុំ​មិន​គិត​ថា​ប្រទេស​ចិន​គិត​ដូច​គ្នា​នេះ​ទេ ដោយសារតែ​ប្រទេស​នេះ​មាន​លក្ខណៈ​កាន់តែ​បង្ខិតបង្ខំ​និង​គំរាមកំហែង​នៅ​ក្នុង​សកម្មភាព​និង​ការ​ធ្វើ​សមយុទ្ធ​របស់​ខ្លួន​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»។

កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​សរសេរ​នៅ​លើ Twitter ថា៖ «ភាគី​ទាំង​សង​ខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​ជា​ភាគី​តែ​មួយ​និង​ជា​ចិន​តែ​មួយ។ តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​ចិន។ អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន​មិន​ដែល​ត្រូវ​បាន​ពុះច្រៀក​នោះ​ទេ។ នេះ​គឺ​ជា​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​ចិន​តែ​មួយ​គឺ​ជា​ស្នូល​នៃ​ស្ថានភាព​បច្ចុប្បន្ន​នេះ»។

អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៧៩ គឺ​ផ្អែក​លើ​ក្ដី​រំពឹង​ដែល​ថា «អនាគត​របស់​កោះ​តៃវ៉ាន់​នឹង​ត្រូវ​កំណត់​ដោយ​មធ្យោបាយ​សន្តិវិធី» ដូច​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ទំនាក់ទំនង​តៃវ៉ាន់ (Taiwan Relations Act) របស់​សហរដ្ឋ​អាមេរិក​ដូច្នេះ​ដែរ។

កន្លង​មក រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ច្បាប់​ស្ដីពី​ទំនាក់ទំនង​តៃវ៉ាន់​នេះ ដោយ​ហៅ​ច្បាប់​ដែល​គ្រប់គ្រង​លើ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​តៃវ៉ាន់​នេះ​ថា «ខុស​ច្បាប់​និង​មិន​មាន​សុពលភាព»៕