ស.រ.អា.៖ ដំណោះស្រាយ​នយោបាយ​ត្រូវ​សម្រេច​ដោយ​កម្ពុជា​ខ្លួន​ឯង

លោក​ ស្កុត ម៉ាស៊ាល ​(Scot Marciel) ​ឧបការី​រង​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​​ ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​​មួយ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​០៤ តុលា ២០១៣។ លោក ម៉ាស៊ាល ធ្វើ​សន្និសីទ​ព័ត៌មាន​នេះ​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​មក​កម្ពុជា។

«ដំណោះ​ស្រាយ​នយោបាយ​ត្រូវ​តែ​ជា​ដំណោះស្រាយ​នយោបាយ​បែប​កម្ពុជា» ​នេះ​គឺ​ជា​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ភាព​ជាប់​គាំង​នយោបាយ​របស់​ប្រទេស​កម្ពុជា។​

លោក​ ស្កុត ម៉ាស៊ាល ​(Scot Marciel) ​ឧបការី​រង​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា ​សហរដ្ឋ​អាមេរិក​មិន​ដាក់​កំហិត​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​កម្ពុជា​តាម​បែប​ណា​នោះ​ទេ។​

«យើង​គាំទ្រ​និង​ជំរុញ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។​ ដំណោះ​ស្រាយ​នយោបាយ​ត្រូវ​តែ​ជា​ដំណោះស្រាយបែប​កម្ពុជា។ ​យើង​មិន​មែន​នៅ​ទី​នេះ​ដើម្បី​ព្យាយាម​ដាក់​សម្ពាធ​ឲ្យ​មាន​ដំណោះ​ស្រាយ​បែប​ណា​នោះ​ទេ។​ ប៉ុន្តែ​យើង​គាំទ្រយ៉ាង​ពិត​ប្រាកដ​រាល់​ការ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា»។​

ការ​បញ្ជាក់​ជំហរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស្កុត ​ម៉ាស៊ាល​បាន​បញ្ចប់ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។​ ក្នុង​ទស្សនកិច្ចនេះ​ លោក​Marciel ​បាន​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជួប​មន្រ្តី​គណបក្ស​ជំទាស់ ​មន្ត្រី​សង្គម​ស៊ីវិល​ និង​តំណាង​ក្រុម​ហ៊ុន​មួយ​ចំនួន​ ​ដោយ​ផ្តោត​ការ​ពិភាក្សា​អំពី​ស្ថានភាព​នយោ​បាយ​នៅ​កម្ពុជា។​

លោក​ឧបការី​រង​ជាន់​ខ្ពស់​នៃ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកបញ្ជាក់​ថា​ អ្នក​នយោបាយ​ទាំង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​ខាង​គណបក្ស​ជំទាស់​មិន​បាន​ស្នើ​ឲ្យ​លោក​ផ្តល់​យោបល់​លើ​ដំណោះ​ស្រាយ​នយោបាយ​ទេ។​

«ពួក​គេ​មិន​បាន​សុំ​យោបល់​ដល់​ភាគី​ពាក់ព័ន្ធ​ថា ​តើ​ពួក​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​របៀប​ម៉េច​ តើ​គេ​មាន​ផែន​ការ​របៀប​ម៉េច​នោះ​ទេ។​ ហើយ​យើង​បាន​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​នេះ។​ ជា​ថ្មី​ម្តង​ទៀត ​តួនាទី​របស់​រដ្ឋា​ភិបាល​អាមេរិក​នៅ​ទីនេះ​មិន​មែន​ដើម្បី​ផ្តល់​យោបល់​ផ្នែក​នយោបាយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឬ​ទៅ​ដល់​គណបក្ស​ជំទាស់​ទេ។​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា»។​ ​

Your browser doesn’t support HTML5

ស.រ.អា.៖​ដំណោះស្រាយ​នយោបាយ​ត្រូវ​សម្រេចដោយ​កម្ពុជា​ខ្លួន​ឯង


ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ជាប់​គាំង​នយោបាយ​ ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។​

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ជាប់​ឆ្នោត​តែ​ពីរ​គត់​មិន​ទាន់​រក​ឃើញ​រូបមន្ត​រួមគ្នា​ដើម្បី​ឈាន​ដល់​ចំណុច​ត្រូវ​រ៉ូវ​គ្នា​នៅ​ឡើយ​ទេ​ ក្រោយ​ពី​បាន​ចរចា​គ្នាចំនួន​ពីរ​ថ្ងៃ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា។​

លោក​ស្កុត ​ម៉ាស៊ាល​បាន​សម្តែង​ការ​ស្វាគមន៍​កា​រចាប់​ផ្តើម​ការ​ចរចា​គ្នា​ឡើង​វិញ​នៅ​ថ្ងៃ​នេះ​នៃ​គណបក្ស​ទាំង​ពីរ។​ ហើយ​លោក​ក៏​បាន​សម្តែង​ការ​ស្វាគមន៍​ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ជំទាស់​នា​ពេល​កន្លង​ទៅ​នេះ​ប្រកប​ដោយ​សន្តិភាព​និង​គ្មាន​អំពើ​ហិង្សា។​ យ៉ាងណា​ក៏ដោយ​ លោក​ម៉ាស៊ាល​មិន​អធិប្បាយ​លើ​សំណួរ​ស្តីពី​ឥទ្ធិពល​នៃ​ប្រទេស​ចិន​មក​កម្ពុជា​នោះ​ទេ។​

លោក​អ៊ុច ​បូរិទ្ធ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ​បាន​ស្រង់​សម្តី​លោក​ឧបការី​រង​អាមេរិក​ ក្រោយ​ពី​ជំនួប​ទ្វេភាគី​នៅ​រសៀល​ថ្ងៃ​នេះ។​

«លោក​បញ្ជាក់​ឡើង​វិញ​ដែរ​ថា ​វត្តមាន​របស់​លោក​ ទោះបី​ជា​ជួប​ជា​មួយ​គណបក្ស​ប្រឆាំង​ក៏ដោយ​ ក៏​មិន​មែន​មាន​ន័យថា ​លោក​គាំទ្រ​គណបក្ស​ប្រឆាំង​ទេ។​ សំខាន់​បំផុត​ជា​គោល​នយោបាយ​របស់​អាមេរិក​គឺ​គាំទ្រ​លទ្ធិប្រជា​ធិបតេយ្យ»។​
វីអូអេ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ល្ងាច​នេះ។​

ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្កុត ​ម៉ាស៊ាល​នៅ​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​កញ្ចប់​មក​កាន់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍។ ​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ និង​ប្រទេស​ថៃ​មុន​មក​ដល់​ប្រទេស​កម្ពុជា។​ ហើយ​លោក​ម៉ាស៊ាល​ ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ​និង​ប្រទេស​ហ្វ៊ីលីពីន៕