លោក Joe Biden អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់អាមេរិកដល់អង្គការអូតង់ដើម្បីការពារប្រទេសនានានៅតំបន់បាល់ទិកប្រឆាំងនឹងភាពគគ្លើនណាមួយពីប្រទេសរុស្ស៊ីដែលជាប្រទេសជិតខាងរបស់ប្រទេសនោះ។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋធានី រីហ្គា នៃប្រទេស ឡេតូនី (Latvia) លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Biden មានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែតាំងចិត្តដល់ការការពារសមាជិកទាំងអស់របស់សម្ព័ន្ធមិត្តអង្គការអូតង់។
លោកអុនប្រធានាធិបតីអាមេរិក បាននិយាយថា៖ «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់។ ខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់ដល់ពលរដ្ឋទាំងអស់នៅក្នុងតំបន់បាល់ទិកថា យើងបានសន្យាថា សហរដ្ឋអាមេរិកគោរពយ៉ាងឧឡារិកដល់សន្ធិសញ្ញារបស់អង្គការអូតង់និងមាត្រាទី៥។យើងនិយាយគឺយើងធ្វើ យើងមិនដែលបំភ្លេចការសន្យាដែលយើងបានធ្វើទេ»។
ដោយសំដៅដល់អត្ថាធិប្បាយដល់អង្គការអូតង់ដោយលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដែលនិយាយថា សហរដ្ឋអាមេរិក អាចមិនការពារសម្ព័ន្ធមិត្តអង្គការអូតង់ជាស្វ័យប្រវត្តិទេ ប្រសិនបើ ពួកគេ មិនបានបំពេញកាតព្វកិច្ចខាងហិរញ្ញវត្ថុដល់អង្គការនេះ លោកអនុប្រធានាធិបតី Biden បានច្រានចោលកំណត់សម្គាល់របស់លោក Trumpហើយបាននិយាយថា មានការព្រមព្រៀងដ៏លើសលុបរបស់គណបក្សទាំង២ក្នុងសហរដ្ឋអាមេរិកដល់គោលការណ៍ដ៏សំខាន់របស់សម្ព័ន្ធមិត្តដែលអំពាវនាវឲ្យមានការការពាររួម។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Biden បានមានប្រសាសន៍ទៀតថា៖ «ការព្រួយកង្វល់ថា សហរដ្ឋអាមេរិក ដកខ្លួនចេញឬចាកចេញពីអង្គការអូតង់នោះមិនមែនជាការពិតទេ។ តាមការពិត វត្តមានរបស់យើង នឹងត្រូវបង្កើនហើយតាមការពិតគឺថា នឹងមានដៃគូកាន់តែច្រើនឡើងរបស់អង្គការអូតង់នៅតាមបណ្តាយព្រំដែនប្រទេសរុស្ស៊ី។ យើងត្រូវធ្វើការតាំងចិត្ត១០០ភាគរយដើម្បីបំពេញកាតព្វកិច្ចរបស់យើងក្នុងអង្គការអូតង់ រួមមានជាពិសេសមាត្រាទី៥»៕