គណៈប្រតិភូមួយក្រុមនៃគណបក្សទាំងពីរមកពីសភាសហរដ្ឋអាមេរិកបានបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ បន្ទាប់ពីតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរួចមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះគឺជាទស្សនកិច្ចលើកដំបូងបង្អស់របស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់តាំងពីពេលដែលគណបក្សប្រជាធិបតេយ្យចម្រើននិយម (Democratic Progressive Party) ដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅអាណត្តិទី ៣ ជាបន្តទៀតមក។
ប្រទេសចិនដែលជាគូប្រជែងឥទ្ធិពលសាកលដ៏សំខាន់របស់សហរដ្ឋអាមេរិក បានអះអាងថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានគំរាមប្រើកម្លាំងដើម្បីគ្រប់គ្រងដែនកោះនេះ។ រដ្ឋាភិបាលក្រុងប៉េកាំងបានថ្កោលទោសជាខ្លាំង ដល់ការជាប់ឆ្នោតរបស់អនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នគឺលោក Lai Ching-te ដើម្បីក្លាយជាមេដឹកនាំថ្មីរបស់កោះនេះ ហើយចិនទំនងជានឹងបន្តគោលនយោបាយចាស់របស់ខ្លួន ដោយមិនចូលរួមជាមួយរដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ដែលខ្លួនបានដាក់ចេញក្រោយការឈ្នះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យចម្រើននិយមរបស់អ្នកស្រី Tsai Ing-wen កាលពីអាណត្តិទី១កាលឆ្នាំ២០១៦មក។
លោក Mario Díaz Balart សមាជិករដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Florida បាននិយាយថា៖ «ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់គឺរឹងមាំពិតប្រាកដនិងធ្វើឡើងដោយគណបក្សទាំងពីរ១០០%»។
លោក Ami Bera សមាជិករដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ California បានចូលរួមជាមួយលោក Balart ដោយលើកឡើងថាសហរដ្ឋអាមេរិកនិងតៃវ៉ាន់ត្រូវតែធ្វើការជាមួយគ្នា។
សហប្រធាននៃកិច្ចប្រជុំស្តីពីកោះតៃវ៉ាន់របស់សភាអាមេរិក កាលពីថ្ងៃទី២៤ ខែមករា បានបើកឱ្យមានដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់កោះតៃវ៉ាន់។
រដ្ឋាភិបាលក្រុងប៉េកាំងបានជំទាស់លើការទាក់ទងជាផ្លូវការក្នុងទ្រង់ទ្រាយណាមួយ រវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ និងបានធ្វើការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះនេះក្នុងឆ្នាំ២០២២កន្លងទៅ ដោយធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ ដែលក្នុងនោះក៏រួមមានការបាញ់គ្រាប់រ៉ុក្កែត និងការបិទខ្ទប់ច្រកផ្លូវទៅកាន់កោះនេះដូចស្ថានភាពពិតផងដែរ។ រដ្ឋាភិបាលក្រុងប៉េកាំង បានហៅដំណើរទស្សនកិច្ចរបស់មន្ត្រីរដ្ឋាភិបាលបរទេសទៅកាន់កោះតៃវ៉ាន់ ថាជាការទទួលស្គាល់អធិបតេយ្យភាពរបស់ដែនកោះនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្យាយាមសម្រួលស្ថានភាពខឹងសម្បាររបស់ចិន ដោយលើកឡើងថា អាមេរិកមិនផ្លាស់ប្តូរ«គោលនយោបាយចិនមួយ»របស់ខ្លួន ដែលមានជាយូរមកហើយនោះទេ ដែលជាការទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែអនុញ្ញាតឱ្យមានទំនាក់ទំនងមិនផ្លូវការ និងការទាក់ទងផ្នែកការពារជាតិជាមួយរដ្ឋាភិបាលកោះតៃវ៉ាន់។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយកោះតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ ដើម្បីទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែច្បាប់សហរដ្ឋអាមេរិកតម្រូវឱ្យខ្លួនធានាថា ដែនកោះមួយនេះមានមធ្យោបាយគ្រប់គ្រាន់ដើម្បីការពារខ្លួន និងចាត់ទុករាល់ការគំរាមកំហែងពីខាងក្រៅទាំងអស់ថាជាបញ្ហាបារម្ភដ៏ធ្ងន់ធ្ងរមួយ។
នៅពេលដែលប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងនិងនាវាកងទ័ពជើងទឹករបស់ខ្លួន ដើម្បីធ្វើការបំភិតបំភ័យនិងយារយីទៅលើកោះតៃវ៉ាន់ជាប្រចាំនោះ គេពុំឃើញមានសកម្មភាពកើនឡើងខ្លាំងគួកត់សម្គាល់ណាមួយកាលពីថ្ងៃទី២៣និងថ្ងៃទី២៤ ខែមករាកន្លងទៅនេះទេ។ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានរាយការណ៍ពីយន្តហោះចម្បាំងចិន៧គ្រឿង និងកងនាវាជើងទឹកចិន៥គ្រឿងត្រូវចាប់សញ្ញាបាននៅជិតកោះនេះកាលពីរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់ក៏បាននិយាយផងដែរថា មានបាល់ឡុងចិន២បានហោះពីលើកោះខ្លួននៅតំបន់ភាគខាងជើងនិងភាគខាងត្បូង។ គេនៅមិនទាន់ដឹងពីមូលហេតុនៃបាល់ឡុងហោះនេះនៅឡើយទេ៕