រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា លោកបានលាលែងពីតំណែងដោយបានយកលិខិតលាលែងរបស់លោកទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយផ្ទាល់បន្ទាប់ពីកិច្ចប្រជុំពេលអាហារថ្ងៃត្រង់នៅសេតវិមាន។
លិខិតរបស់លោក Mattis មិននិយាយពីឈ្មោះលោក ត្រាំ ទេ តែបានបានគូសបញ្ជាក់ពីភាពខុសគ្នាយ៉ាងខ្លាំងរវាងទស្សនៈរបស់លោកនិងទស្សនៈលោកប្រធានាធិបតី ជាពិសេសអំពីសារៈសំខាន់នៃសម្ព័ន្ធមិត្តនិងការប្រើអំណាចរបស់សហរដ្ឋអាមេរិក។ លោក Mattis បានសរសេរថា៖ «យើងត្រូវតែមានភាពម៉ឺងម៉ាត់និងច្បាស់លាស់ក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសទាំងនោះដែលផលប្រយោជន៍ជាយុទ្ធសាស្រ្តកាន់តែមានភាពតានតឹងខ្លាំងឡើងជាមួយយើង»។
លោកបានព្រមានថា រុស្ស៊ី និងចិនចង់ចាត់ចែងពិភពលោកតាមបែបផ្តាច់ការរបស់គេ ដោយសំឡេងវ៉េតូប្រឆាំងការសម្រេចចិត្តខាងសេដ្ឋកិច្ច ខាងការទូត និងខាងសន្តិសុខរបស់ប្រទេសទាំងនោះ។ លោក Mattis បានសន្និដ្ឋានដោយសរសេរថា លោកនឹងលាចេញពីតំណែងនៅចុងខែកុម្ភៈនេះ។
លោកសរសេរថា៖ «ដោយសារលោកប្រធានាធិបតីមានសិទ្ធិជ្រើសរើសរដ្ឋមន្ត្រីការពារជាតិដែលមានទស្សនៈស្របជាមួយលោកលើប្រធានបទទាំងនេះ និងប្រធានបទដទៃទៀត ដូច្នេះខ្ញុំត្រូវចុះចេញពីតំណែង»។
ការសម្រេចចិត្តរបស់លោក Mattis បានកើតឡើងមួយថ្ងៃក្រោយពីលោក ត្រាំ បានប្រកាសថា លោកនឹងដកកងទ័ពអាមេរិក២,០០០នាក់ពីប្រទេសស៊ីរី ដែលជាការផ្លាស់ប្តូរមួយដែលក្រសួងការពារជាតិបានជំទាស់៕