លោក Ashton Carter រដ្ឋមន្ត្រីការពារជាតិស.រ.អា.ចាត់ទុកថា ការបាត់បង់ទីរួមខេត្ត Ramadi នៅប្រទេសអ៊ីរ៉ាក់ធ្លាក់ទៅក្នុងដៃពួករដ្ឋឥស្លាមកាលពីសប្តាហ៍មុនគឺដោយសារកងកម្លាំងអ៊ីរ៉ាក់ខ្វះឆន្ទៈប្រយុទ្ធ។
សេចក្តីពន្យល់របស់លោក Carter ធ្វើឡើងក្រោយពីលោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីស.រ.អា.ធ្វើការវាយតម្លៃថា ការប្រយុទ្ធដើម្បីធ្វើឲ្យខ្សោយនិងកម្ចាត់ពួករដ្ឋឥស្លាម ISIS ទាមទារការតាំងចិត្តជាច្រើនឆ្នាំ។
លោក Ashton Carter រដ្ឋមន្ត្រីការពារជាតិស.រ.អា.ថ្លែងប្រាប់បណ្តាញព័ត៌មានទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីរ៉ាក់មិនមែនមានចំនួនតិចជាងពួករដ្ឋឥស្លាមទេ តែតាមពិតមានចំនួនច្រើនជាងយ៉ាងសម្បើម លើសកម្លាំងរដ្ឋឥស្លាម។
លោកបាននិយាយថា ករណីនេះបាននាំឲ្យមានចម្ងល់អំពីឆន្ទៈរបស់កងទ័ពអ៊ីរ៉ាក់ក្នុងការប្រយុទ្ធជាមួយនឹងកម្លាំងរដ្ឋឥស្លាម និងការការពារខ្លួនឯង។ លោករដ្ឋមន្ត្រីការពារជាតិបានបង្ហាញក្តីសង្ឃឹមថា ការបណ្តុះបណ្តាលត្រឹមត្រូវ ការគាំទ្រ ការផ្តល់សម្ភារៈ និងពេលវេលាគ្រប់គ្រាន់ នឹងធ្វើឲ្យកងទ័ពអ៊ីរ៉ាក់បង្កើនឆន្ទៈប្រយុទ្ធ។
លោក Hakim al-Zamili តំណាងរាស្ត្ររបស់ប្រទេសអ៊ីរ៉ាក់ ត្រូវបានទីភ្នាក់ងារព័ត៌មាន AP ស្រង់សម្តីរបស់លោក ដែលនិយាយថា សេចក្តីអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក មិនមានភាពប្រាកដនិយម និងគ្មានមូលដ្ឋាន។
លោកចាត់ទុកថា ការបាត់បង់ទីរួមខេត្ត Ramadi នេះគឺដោយសារកង្វះសម្ភារៈ អាវុធ និងខ្វះការគាំទ្រតាមអាកាស។
តែលោក Nabeel Khoury អ្នកវិភាគអំពីតំបន់នេះនៅសាកលវិទ្យាល័យ Northwestern University ស.រ.អា.និយាយថា រដ្ឋបាលស.រ.អា.គួរតែដឹងយូរហើយថា បញ្ហាមួយនៃបញ្ហាធំៗបំផុតប្រឈមមុខកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ាក់គឺអំពើពុករលួយ។
«អំពើពុករលួយរបស់កងកម្លាំងប្រដាប់អាវុធបានធ្វើឲ្យលុយជាច្រើន ដែលត្រូវកំណត់ថា ជាថវិកាសម្រាប់កងទ័ពនោះ តាមពិតមិនបានទៅកងទ័ពទេ ប៉ុន្តែបានចូលទៅក្នុងហោប៉ៅរបស់មន្ត្រីក្នុងរដ្ឋាភិបាល និងបានទៅឧត្តមសេនីយ៍ក្នុងជួរកងទ័ព»។
លោក Khoury និយាយថា បញ្ហាគឺមិនមែនគ្រាន់តែកងកម្លាំងបានចុះថយចំនួនប៉ុណ្ណោះទេ គឺរដ្ឋាភិបាលក្រុង Baghdad ថែមទាំងមិនបានជំរុញឲ្យបានគ្រប់គ្រាន់ ឲ្យកងកម្លាំងអ៊ីរ៉ាក់មានកម្លាំងចិត្តប្រយុទ្ធនៅក្នុងតំបន់ដែលពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមកាន់កាប់នោះ។ លោក Khoury បាននិយាយថា លោកជឿថា ជាយថាហេតុទីរួមខេត្ត Ramadi នឹងត្រូវដណ្តើមបានមកវិញដូចទីរួមខេត្ត Tikrit ដែរ ប៉ុន្តែលោកនិយាយថា ការប្រើកងកម្លាំងប៉ារ៉ានេះបង្ហាញថា កងទ័ពអ៊ីរ៉ាក់មិនមានកងកម្លាំងប្រយុទ្ធគ្រប់គ្រាន់ទេ។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី The Atlantic កាលពីសប្តាហ៍មុន លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថា ការបាត់បង់ទីរួមខេត្ត Ramadi ជាការថយក្រោយខាងកលយុទ្ធ ហើយលោកបាននិយាយថា នៅតំបន់ពួកអម្បូរ Sunni ទាមទារឲ្យមានការបណ្តុះបណ្តាល និងការតាំងចិត្តច្រើនថែមទៀត។ លោកបាននិយាយថា លោកតែងតែទន្ទឹងថា នឹងមានយុទ្ធនាការច្រើនឆ្នាំប្រឆាំងនឹងពួករដ្ឋឥស្លាម ISIS។ លោក Josh Earnest អ្នកនាំពាក្យសេតវិមានបានគូសបញ្ជាក់អំពីទស្សនៈនេះកាលពីថ្ងៃសុក្រ។
«យើងរំពឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS នឹងចុះខ្សោយទៀតពីពេលនេះទៅអនាគត បីបួនឆ្នាំទៀត។ ដូច្នេះ យើងត្រូវអនុវត្តយុទ្ធសាស្ត្រនេះជាបន្តនៅតំបន់ ដែលយើងអាចបង្កើនការបណ្តុះបណ្តាល និងជំនួយដែលយើងនឹងផ្តល់ឲ្យ គឺការវាយប្រហារតាមអាកាសជាបន្តលើគោលដៅជាច្រើន ហើយនឹងការចូលរួមរបស់ដៃគូចម្រុះរបស់យើងក្នុងកិច្ចប្រឹងប្រែងនេះ។ កិច្ចការនេះទាមទារការតាំងចិត្តជានិរន្ត»។
លោករដ្ឋមន្ត្រីការពារជាតិ Carter និយាយថា ការវាយប្រហារតាមអាកាសដឹកនាំដោយស.រ.អា.មានប្រសិទ្ធភាព ហើយគ្មានអ្វីដែលស.រ.អា.អាចធ្វើបានទេ ដើម្បីជំនួសឆន្ទៈរបស់កងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធនោះទេ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ