នៅថ្ងៃសុក្រនេះ លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានជួបជាមួយសមភាគីជប៉ុនរបស់លោកនៅក្នុងក្រុងតូក្យូដើម្បីបន្ធូរបន្ថយកង្វល់របស់ប្រទេសជប៉ុនអំពីការប្តេជ្ញារបស់ប្រទេសអាមេរិកដល់តំបន់នោះនៅពេលមានការចរចាជាមួយប្រទេសកូរ៉េខាងជើងអំពីការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
លោក Mattis បាននិយាយនៅថ្ងៃសុក្រនេះនៅពេលលោកឈរជិតលោករដ្ឋមន្ត្រីការពារប្រទេសជប៉ុន Itsunori Onodera ថា «នៅពេលនេះយើងកំពុងធ្វើការចរចាមិនធ្លាប់មានពីពេលមុនទេជាមួយកូរ៉េខាងជើង ក៏ប៉ុន្តែនៅក្នុងពេលមានថាមភាពនេះ សម្ព័ន្ធភាពយូរយាមកហើយរវាងប្រទេសជប៉ុននិងស.រ.អា.មានភាពមាំទាំ។ នេះជាការធានារ៉ាប់រងជាថ្មីរវាងយើងទាំងពីរនាក់ថាយើងឈរជាមួយគ្នាដោយម៉ឺងម៉ាត់»។
នៅពេលជាមួយគ្នានេះដែរលោក Onodera បាននិយាយថាស.រ.អា.បានយល់ព្រមបន្តធ្វើសមយុទ្ធយោធាជាមួយប្រទេសជប៉ុនតទៅទៀត។
កាលពីដើមខែនេះ លោកប្រធានាធិបតីស.រ.អា.បានប្រកាសអំពីការផ្អាកសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បូងនៅក្រោយលោកបានធ្វើជំនួបកំពូលមួយជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ប្រទេសកូរ៉េខាងជើងបានអំពាវនាវយូរយាមកហើយឱ្យបញ្ឈប់សមយុទ្ធទាំងនេះដោយមានការព្រួយបារម្ភថា សមយុទ្ធទាំងនេះមានគោលដៅគ្រោងធ្វើការលុកលុយ ដែលស.រ.អា.និងកូរ៉េខាងត្បូងបានបដិសេធហើយ។
លោក Onodera បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា សមយុទ្ធយោធា«មានសារៈសំខាន់សម្រាប់ស្ថិរភាពតំបន់»៕