នៅថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានធានាជាថ្មីដល់ប្រទេសកូរ៉េខាងត្បូងថាការប្តេជ្ញារបស់ស.រ.អា.ដល់សន្តិសុខប្រទេសនេះ«នៅតែខ្លាំងក្លាដដែល»។
អត្ថាធិប្បាយទាំងនេះមានឡើងនៅពេលដែលលោក Mattis បានជួបជាមួយលោក Song Young-moo រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូងនៅក្នុងក្រុងសេអ៊ូលនៅពេលដែលពួកអ្នកធ្វើការចរចានៃប្រទេសទាំងពីរនាក់បន្តធ្វើការចរចាគ្នាឆ្ពោះទៅកាន់គោលដៅនៃការធ្វើកុំឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ។
កាលពីពេលមុននេះក្នុងខែនេះ លោកប្រធានាធិបតីស.រ.អា.បានប្រកាសអំពីការផ្អាកសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បូងនៅក្រោយលោកបានធ្វើជំនួបកំពូលមួយជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un។ ប្រទេសកូរ៉េខាងជើងបានអំពាវនាវយូរយារមកហើយឱ្យបញ្ឈប់សមយុទ្ធទាំងនេះដោយមានការព្រួយបារម្ភថាសមយុទ្ធទាំងនេះមានគោលដៅគ្រោងធ្វើការលុកលុយ ដែលស.រ.អា.និងកូរ៉េខាងត្បូងបានបដិសេធហើយ។
ចំណាត់ការនេះរបស់លោក Trump បាននាំឱ្យមានកំណើនកង្វល់ក្នុងចំណោមពួកប្រទេសជាសម្ព័ន្ធមិត្តរបស់ស.រ.អា.នៅក្នុងតំបន់នោះអំពីជំនួយខាងសន្តិសុខដែលស.រ.អា.នឹងផ្តល់ឱ្យពួកគេ។
លោក Mattis បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថាការផ្អាកសមយុទ្ធបង្កើតឱកាសល្អប្រសើរជាងមុនមួយដើម្បីធ្វើឱ្យមានសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
ក៏ប៉ុន្តែលោករដ្ឋមន្ត្រីការពារប្រទេសអាមេរិកាំងរូបនេះបាននិយាយថាចំនួនទាហានស.រ.អា.តាំងទីនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមិនប្រែប្រូលទេហើយថាកងយោធានៃប្រទេសទាំងពីរនៅតែ «មានការប្រុងប្រយ័ត្ននិងប្រុងប្រៀបដើម្បីធ្វើកិច្ចការពារប្រឆាំងនឹងការឈ្លានពានណាមួយ»។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ធ្វើដំណើរទោកាន់ប្រទេសជប៉ុនដើម្បីជួបជំនុំជាមួយពួកមន្ត្រីជាន់ខ្ពស់នៅទីនោះ៕