រដ្ឋមន្ត្រីកាពារ​ប្រទេស​ស.រ.អា.​និយាយថា​​ការ​ជ្រើស​រើស​ទ័ព​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​មាន​កង្វះ

រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Ash Carter ធ្វើ​សក្ខីកម្ម​នៅ​មុខ​​គណៈកម្មាធិការ​សេវាកម្ម​អាវុធ​របស់​សភា​តំណាង​រាស្រ្ត​​ នៅ​ Capitol Hill រដ្ឋធានីវ៉ាស៊ីនតោន​ កាលពីថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៥។

លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​កំពុង​អំពាវនាវ​ដល់​ប្រទេស​អ៊ីរ៉ាក់​ឲ្យ​ធ្វើ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លាម​ដែល​បាន​កាន់​កាប់​តំបន់​ដ៏​ធំ​ល្វឹង​ល្វើយ​របស់​ប្រទេស​នោះ ​ដោយ​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​បាដាក ​បាន​បរាជ័យ​មិន​បានបង្កើត​កងទ័ព​ថ្មើរ​ជើង​ឲ្យ​បាន​គ្រប់​គ្រាន់។

លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេសAsh Carter បានបា្រប់​គណៈ​កម្មការ​សភាតំណាង​រាស្រ្ត​អាមេរិក​ថា៖ «​យើង ​មិន​បាន​ទទួល​ការ​ជ្រើសរើស​ទ័ពឲ្យ​បាន​គ្រប់​គ្រាន់ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​២ម៉ឺន​៤ពាន់​នាក់​ដែលយើង​គិត​ចង់​បាន​ពី​ដំបូង​ដើម្បី​ហ្វឹក​ហាត់​នៅ​ឯ​ទីតាំង​របស់​យើង​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នោះ ​យើងជ្រើសរើស​បានតែ​ប្រហែល​៧​ពាន់​នាក់​ប៉ុណ្ណោះ​ដើម្បី​ហ្វឹកហាត់»។

លោក​បាន​ប្រាប់​គណៈកម្មាធិការ​សេវាកម្ម​អាវុធ​របស់​សភា​តំណាង​រាស្រ្ត​ថា ​យុទ្ធ​នាការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ទៅ​លើ​ទីតាំង​របស់​ក្រុមរដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​តម្រូវ​ឲ្យ​មាន​សមត្ថភាព ​មាន​ការ​បញ្ចូល​របៀប​ថ្មី ​ភាពស្រប​ច្បាប់​ដល់​កងទ័ព​ថ្មើជើង​ដើម្បី​រឹប​អូស​យក​តំបន់​នោះ។ លោក​បានហៅ​ការ​ដួល​រលំ​នៃទីក្រុងរ៉ាម៉ាឌី​នៃ​ខេត្ត​ Anbar​ កាល​ពី​ខែ​មុនចូល​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ថា​ ​ជាការគួរ​ឲ្យ​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង​មួយ។

លោកCarterបាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រាប់​ពួក​មេ​នាំ​អ៊ី​រ៉ាក់ ​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ធ្វើការ​គាំទ្រអ៊ីរ៉ាក់​កាន់​តែ​ខ្លាំង​ឡើង​កាល​ពី​ពេល​មុន ​យើង ​ត្រូវ​តែមើល​ឃើញ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ពី​ផ្នែក​ទាំងអស់​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់»៕