លោក Ashton Carter រដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ថ្មីបានធ្វើការចរចានៅក្នុងប្រទេសកូវ៉ែត (Kuwait) ជាមួយក្រុមមេបញ្ជាការស.រ.អា.ជាន់ខ្ពស់និងក្រុមអ្នកការទូតអំពីការខិតខំប្រឹងប្រែងរបស់ស.រ.អា.ក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម។
លោក Carter បានធ្វើដំណើរតាមយន្តហោះពីប្រទេសអាហ្វហ្គានីស្ថាន(Afghanistan) ទៅកាន់ក្រុងកូវ៉ែត ដើម្បីធ្វើជាអធិបតីនៃការប្រជុំនៅក្នុងមូលដ្ឋាន Camp Arifjan នៃកងទ័ពជើងគោកស.រ.អា.។ ក្រៅពីក្រុមនាយទាហាន ក៏មានក្រុមឯកអគ្គរដ្ឋទូតស.រ.អា.មកពីប្រទេសហ្សកដានី (Jordan) និងប្រទេសឯទៀតៗក្នុងភូមិភាគមជ្ឈឹមបូព៌ាក៏បានចូលរួមក្នុងកិច្ចចរចានេះដែរ។
ក្រសួងការពារប្រទេសស.រ.អា.បាននិយាយថា លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិកាំងបានអរគុណដោយផ្ទាល់ដល់ព្រះចៅ Emir នៃប្រទេសកូវ៉ែត អគ្គមេបញ្ជាការនៃកងទ័ព Sabah al-Ahmad Al-Jaber Al-Sabah និងរដ្ឋមន្ត្រីការពារប្រទេសគុយវ៉ែត Khalid al-Jarrah al-Sabah ចំពោះការធ្វើវិភាគទានរបស់ប្រទេសនេះដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងភេរវកម្ម។
ប្រទេសកូវ៉ែតធ្វើជាម្ចាស់ផ្ទះទទួលកងកម្លាំងយោធារបស់ស.រ.អា.និងក្រុមចម្រុះនៅពេលដែលពួកគេធ្វើការវាយឆ្មក់តាមអាកាសប្រចាំថ្ងៃលើទីដៅនៃពួកជនសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី៕