ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួលខុសត្រូវ​​លើ​ការ​វាយប្រហារ​លើ​ផ្ទះឯកអគ្គរដ្ឋទូត​​​អ៊ីរ៉ង់​


កង​កម្លាំង​សន្តិសុខ​លីប៊ី​ពិនិត្យ​កន្លែង​រង​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្លូវ​ចូល​ផ្ទះ​ឯក​អគ្គរដ្ឋទូត​អ៊ីរ៉ង់​នៅ​ក្រុង​ Tripoli នា​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ក្រុម​សកម្មប្រយុទ្ធស្មោះត្រង់​ជាមួយ​ក្រុមរដ្ឋ​អ៊ីស្លាម បាន​អះអាង​ទាមទារ​ការទទួលខុសត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់បែកនៅ​ឯ​ផ្ទះឯកអគ្គរដ្ឋទូត​នៃប្រទេសអ៊ីរ៉ង់​ប្រចាំ​ប្រទេស​លីប៊ី​ដែល​គ្មាន​មនុស្សនៅ។​

គ្មាន​នរណាម្នាក់ត្រូវ​របួសទេនៅ​ក្នុង​ការ​វាយ​ប្រហារនេះ​ដែល​បានកើតមាន​ទ្បើង​កាល​ពី​ថ្ងៃអាទិត្យ​នៅ​កណ្តាល​ក្រុង​ Tripoli។​

បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​ថា​រដ្ឋាភិបាល​ក្រុង​ Tehran បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់បែក​នេះ។​ស្ត្រីអ្នកនាំ​ពាក្យម្នាក់​នៃ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​និយាយថា​គ្រាប់បែកបានធ្វើឲ្យខូចខាត​អាគារ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

មាន​ក្រុម​រដ្ឋអ៊ីស្លាមបី​ក្រុម​ ដែល​គេ​ដឹង​ថា​មានជំហរ​នឹង​នរ​នៅ​ក្នុង​ប្រទេស​លីប៊ី​ដោយ​មាន​ក្រុម​មួយ​ឋិត​នៅ​ក្នុង​រដ្ឋធានី នៅ​ពេល​ដែល​ប្រទេសលីប៊ីមានការ​បែកបាក់គ្នា​ខាង​នយោបាយ​ តស៊ូជាមួយ​ការ​ប្រយុទ្ធគ្នា​ផ្ទៃក្នុងរវាង​ក្រុម​ជីវពល​ឧទ្ទាម កង​យោធពល និង​រដ្ឋាភិបាល​ពីរដែល​ដណ្តើម​អំណាច​គ្នា។​រដ្ឋាភិបាល​បស្ចឹម​ប្រទេសភាគ​ច្រើន​បាន​បិទ​ស្ថានបេសកកម្ម​របស់ពួក​គេនៅ​ក្នុង​ប្រទេសលីប៊ី​នៅ​ពេលមានកំណើន​អំពើ​ហិង្សា៕

XS
SM
MD
LG