សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធម្សិលលមិញថា ខ្លួនកំពុងពិចារណាការស្នើពីប្រទេសរុស្ស៊ីដើម្បីធ្វើការចរចារវាងយោធានិងយោធាអំពីជម្លោះក្នុងប្រទេសស៊ីរី ទោះបីសហរដ្ឋអាមេរិកបានព្រមានរដ្ឋាភិបាលទីក្រុងមូស្គូថា ការគាំទ្ររបស់រុស្ស៊ីដល់ប្រធានាធិបតីស៊ីរី Bashar Al- Assad ធ្វើឲ្យសង្គ្រាមរីកកាន់តែធំឡើងៗនៅក្នុងប្រទេសនេះក៏ដោយ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានបញ្ចេញសំណើនោះមួយថ្ងៃបន្ទាប់ពីការចរចាជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov។ អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះ បានលើកឡើងថា លោកពេញចិត្តគំនិតនេះ ហើយមន្រ្តីសេតវិមាន ក្រសួងការបរទេសនិងក្រសួងការពារប្រទេស កំពុងពិចារណាសំណើនោះពីព្រោះពួកគេមិនបានយល់ច្បាស់លាស់អំពីគោលបំណងរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីបន្ទាប់ពីមានការប្រមូលផ្តុំយោធារបស់រុស្ស៊ីនៅពេលថ្មីៗនេះក្នុងប្រទេសស៊ីរី។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំង John Kerry បានមានប្រសាសន៍ថា៖ «លោកអ្នក មានការសន្ទនាដើម្បីធ្វើកិច្ចការនោះ។ នេះជាការសំខាន់ដើម្បីបញ្ចៀសការយល់ច្រឡំ ការគិតខុស ហើយកុំដាក់ខ្លួនរបស់យើងក្នុងស្ថានភាពដ៏លំបាកដែលមិនគួរកើតមានឡើង»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក៏បានមានប្រសាសន៍ទៀតថា លោកបានព្រមានរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov អំពីការបង្កើនការពាក់ព័ន្ធរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅក្នុងប្រទេសស៊ីរី។
លោរដ្ឋមន្រ្តីការបរទេស Kerry មានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការបន្តគាំទ្ររបស់រុស្ស៊ីដល់លោក Assad បានធ្វើឲ្យជម្លោះនោះរីកកាន់តែធំឡើងៗហើយនឹងធ្វើឲ្យអន្តរាយដល់គោលបំណងរួមរបស់យើងនៅក្នុងការប្រយុទ្ធនឹងលទ្ធិជ្រុលនិយម»។
កាលពីពេលថ្មីៗនេះ រុស្ស៊ីបានបញ្ចូនរថក្រោះ ទីប្រឹក្សាយោធា អ្នកបច្ចេកទេសហើយនិងឆ្មាំការពារសន្តិសុខទៅកាន់ប្រទេសស៊ីរី ទំនងជាក្នុងគោលបំណងបង្កើតទីតាំងទ័ពអាកាសនៅជិតទីក្រុង Latakia ក្បែរមាត់សមុទ្រដែលជាទីតាំងដ៏រឹងមាំរបស់លោក Assad៕