ស.រ.អា «ខ្វាយ​ខ្វល់» អំពី​​របាយការណ៍​ដែល​ថា​ មាន​ចលនា​កង​យោធា​ចិន​នៅ​តាម​ព្រំដែន​ជិត​ក្រុង​ហុងកុង

ប៉ូលិសចេញពីប៉ុស្តិ៍ប៉ូលិស Shum Shui Po ដើម្បីតទល់នឹងបាតុករនៅក្រុងហុងកុង កាលពីថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

បាតុករ​ម្នាក់ដែល​បានចូល​រួម​ក្នុង​បាតុកម្ម​មួយ​កាលពី​ពេល​ថ្មីៗនេះ​នៅ​ឯចំណត​យន្តហោះក្រុង​ហុង​កុង​បាននិយាយ​ប្រាប់ VOA ថា «ខ្ញុំមិនឃើញមានហេតុផល​សម្រាប់​ឱ្យ​អាជ្ញាធរ​បញ្ជូន​​ប៉ូលិស​ប្រទេស​ចិន​ដី​គោក​ ឬ​ពួក​ប៉ូលិសបន្លំ​ខ្លួន​ចូល​ក្នុង​បាតុកម្មនៅ​ឯអាកាសយានដ្ឋានក្រុង​ហុង​កុងទេ»។

ស.រ.អា​បាន​និយាយ​ថាខ្លួន «ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង» ដោយ​របាយការណ៍​ដែល​ថា​ មាន​ចលនា​កង​យោធា​ប្រតិព័ទ្ធ​ចិន​នៅ​តាម​បណ្តយ​ព្រំដែន​ជា​មួយ​ក្រុង​ហុងកុង​ដែល​ជា​ដែន​ដី​ចិន​មាន​បាតុកម្ម​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​រយៈពេល១០​សប្តាហ៍​ប​ន្ត​បន្ទាប់គ្នា។​

អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អាបាន​និយាយថា «យើង​លើកទឹក​ចិត្ត​ប្រទេស​ចិន ​និង​ភាគី​ទាំង​អស់​នៅ​ហុងកុង​ឱ្យ​ស្វែង​រក​ដំណោះស្រាយមួយ​ ដែល​គោរព​សេរីភាព​ប្រជារាស្ត្រ​ក្រុង​ហុងកុង ​និង​ស្វ័យភាព​កម្រិត​ខ្ពស់​នៃក្រុង​នេះ​ដូច​ដែល​មានចែង​នៅក្នុង​សេចក្តី​ប្រកាស​រួម​រវាង​ប្រទេស​ចិន​និង​ប្រទេសអង់គ្លេស។​ វា​ជា​ការ​មានសារៈសំខាន់​ដែល​រដ្ឋាភិបាល​ហុង​កុង​ត្រូវ​តែគោរពសេរីភាព​នៃការ​និយាយ​ស្តី​បញ្ចេញ​មតិ​និងការ​រួមប្រជុំ​ដោយ​សន្តិវិធីដូច​ដែល​មានចែង​នៅក្នុង​សេចក្តី​ប្រកាស​រួម​រវាង​ចិននិង​អង់គ្លេស​ហើយ​ប្រទេស​ចិន​ក៏​ត្រូវ​តែគោរព​ស្វ័យភាព​កម្រិត​ខ្ពស់របស់​ដែន​ដី​ហុងកុង​ផងដែរ»។

នៅ​ពេល​ដែល​បាតុកម្ម​បានកើនខ្លាំងឡើងៗ​កាលពីប៉ុន្មានថ្ងៃ​មុននេះ បណ្តាញ​ផ្សាយ​ព័ត៌មានរបស់​រដ្ឋនៃប្រទេស​ចិន​បានផ្សព្វផ្សាយ​វីដេអូបង្ហាញ​ឱ្យ​ឃើញ​កង​កម្លាំង​សន្តិសុខ​ប្រមូលផ្តុំ​គ្នា​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រំដែនក្នុង​ប្រទេស​ចិន​ដី​គោក។ គេ​ក៏​បានចោទប្រកាន់​ប៉ូលិស​ចិន​ដែរ​ថា​ បានជ្រៀត​ចូលក្នុង​បាតុកម្ម​នៅក្នុង​កិច្ចខិតខំប្រឹង​ប្រែង​មួយ​ដើម្បី​បង្កើត​បញ្ហា។​

បាតុករ​ម្នាក់ដែល​បានចូល​រួម​ក្នុង​បាតុកម្ម​មួយ​កាលពី​ពេល​ថ្មីៗនេះ​នៅ​ឯចំណត​យន្តហោះក្រុង​ហុង​កុង​បាននិយាយ​ប្រាប់ VOA ថា «ខ្ញុំមិនឃើញមានហេតុផល​សម្រាប់​ឱ្យ​អាជ្ញាធរ​បញ្ជូនប៉ូលិស​ប្រទេស​ចិន​ដី​គោក​ ឬ​ពួក​ប៉ូលិសបន្លំ​ខ្លួន​ចូល​ក្នុង​បាតុកម្មនៅ​ឯអាកាសយានដ្ឋានក្រុង​ហុង​កុងទេ»។

លោកប្រធានាធិបតី​ស.រ.អា​ Donald Trump បាននិយាយ​តាម​ Twitter កាលពី​ថ្ងៃ​អង្គារ​ថា «ពួក​ស៊ើបការ​សម្ងាត់របស់យើង​បានប្រាប់យើង​ថា ​រដ្ឋាភិបាលចិន​កំពុង​បញ្ជូន​ពួក​ទាហាន​មក​កាន់ព្រំដែន​ជាមួយក្រុងហុងកុង។​មនុស្សគ្រប់គ្នា​គួរមានការ​ស្ងប់ស្ងាត់ហើយមានសុវត្ថិភាព!»៕