អាមេរិក​និង​​ចិន​ជួប​ចរចា​ពី​បញ្ហា​សន្តិ​សុខ​និង​សេដ្ឋកិច្ច​​​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក John Kerry (ស្តាំ) ចាប់​ដៃ​លោក​អនុរដ្ឋមន្ត្រី​ចិន Wang Yang នៅ​ក្រោយ​កិច្ច​ប្រជុំ​​U.S.-China Strategic and Economic Dialogue (S&ED) Joint Opening Session នៅ​​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ (១០ កក្កដា ២០១៣)

អ្នក​ការ​ទូត​ចិន​និង​សហរដ្ឋ​អាមេរិក​ជួប​គ្នានៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ថ្ងៃ​ពុធ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៣​នេះ ​ដើម្បី​ពិភាក្សា​អំពី​សេដ្ឋកិច្ច​និង​សន្តិសុខ​ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​រួម​បញ្ចូល​បញ្ហាទាម​ទារ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។

ប្រទេស​ចិន​ធ្វើ​ទំនើប​កម្ម​លើ​កង​ទ័ព​ជើង​ទឹក​និង​បង្កើន​ការ​យាម​ល្បាត​របស់​ខ្លួន​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ ជា​ទី​ដែល​ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និង​កោះ​តៃ​វ៉ាន់ ប្រឆាំង​នឹង​ការ​ប្រកាស​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េងកាំង។

ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​មិន​ចាញ់​មិន​ឈ្នះ​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​នៃ​ជំនួប​ក្នុងសប្តាហ៍​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ជំនួប​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​ពី​ជំនួប​អាមេរិក​ចិន​នៅ​ប្រទេស​ប្រ៊ុយណេ​នៅ​ឯ​ការ​ប្រជុំ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ឬ​អាស៊ានជា​ទី​ដែលលោក វ៉ាង យី (​Wang Yi) ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេសចិន ​ព្រមាន​ប្រឆាំង​នឹង​សកម្មភាព​យោធា។

«ទាំង​ប្រទេស​ចិន​ ទាំង​ប្រទេស​ដែល​មានតំបន់​ឆ្នេរសមុទ្រ​ចិន​ខាង​ត្បូង​ កំពុង​ខិត​ខំ​ពង្រឹង​ស្ថិរភាព​សមុទ្រ​ចិន​ខាង​ត្បូង។ ខ្ញុំ​ជឿ​ថា សកម្មភាព​ណាមួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ប្រទេស​តវ៉ាដែល​ប្រឆាំង​នឹង​និន្នាការ​ នឹង​មិន​រីករាយ​នឹងការ​គាំទ្រ​របស់​ប្រទេស​ភាគ​ច្រើន​នោះ​ឡើយ​ ​ហើយ​ក៏នឹង​មិន​ទទួល​ជោគ​ជ័យដែរ​»។

សហរដ្ឋ​អាមេរិក​ជា​រឿយៗ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន​នៅ​ក្បែរ​សមុទ្រចិន​ខាង​ត្បូង​ជា​ទី​ដែល​ត្រូវ​បាន​គិត​ថា មាន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ច្រើន។

ប្រទេស​ហ្វ៊ីលីពីន​បន្ទោស​ប្រទេស​ចិន​ពី​បទ​បង្កើន​យោធូបនីយកម្ម​និង​បន្ត​បង្កើន​កម្រិត​បិរក្ខានៅឆ្នេរ ស៊ុប៊ិក បេយ៍ (​Subic Bay) ដែល​ជាអតី​ត​មូលដ្ឋាន​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​លោក​ស្រី ផេក គូន ហេង (Pek Koon Heng) សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យល័យអាមេរិកាំង (American University) ​និយាយ​ថា ប្រជាជាតិ​អាស៊ាន​ដទៃ​ទៀត​មាន​ការ​ប្រយ័ត្ន​ប្រយែង​ ដែល​ការ​បែក​បាក់​នេះផ្តល់​ប្រយោជន៍​ដល់ប្រទេស​ចិន។

«ប្រសិន​បើ​យើង​ពិនិត្យ​មើល​ទិដ្ឋ​ភាព​នៃ​ការ​ឆ្លើយ​តប​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដែលតវ៉ា​ប្រឆាំង​នឹង​ការទាម​ទារ​របស់​ចិន​ គឺ​ភាគី​មួយ​ស្រប​ ដោយគេ​ត្រូវ​តែ​សម្រប​សម្រួល។ ហើយ​ភាគី​មួយ​ទៀត​ជម្នះ។ ដូច​អ្នក​ឃើញ​ហើយ​ថា វៀតណាម​មាន​ជំហរ​ស្រប ហើយ​ហ្វ៊ីលីពីន​មាន​ជំហរ​ជម្នះ»។

ចំពោះ​ជំហរ​ស្រប វៀតណាម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ស្តី​ពី​ការ​ការពារ​និង​ការ​រុក​រក​ប្រេង​ជា​មួយ​នឹង​ចិន​។

មេ​ដឹក​នាំ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​និយាយ​ថា ការ​ចៀសវាង​ជម្លោះ​ក្នុង​តំបន់​ដែល​ពាណិជ្ជក​ម្ម​សកល​ជា​ច្រើន​ឆ្លង​កាត់​គឺ​ជា​រឿង​សំខាន់​។

ប្រទេស​ចិន​បាន​យល់​ស្រប​ជាមួយ​នឹង​ការ​ចរចា​កាល​ពី​ខែ​កញ្ញា​នៅ​ទីក្រុង​ប៉េកាំង​លើ​អ្វី​ដែលគេ​ហៅ​ថា «ក្រម​ប្រតិបត្តិ​» ជាមួយ​នឹង​សមាជិក​អាស៊ាន ដើម្បី​បញ្ចៀសជម្លោះក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ៕

ប្រែ​សម្រួលដោយ ​អ៊ឹម សុធារិទ្ធ