ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​អាស៊ាន

  • គង់ សុឋានរិទ្ធ

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ពិភាក្សា​ក្នុង​រង្វង់​ក្រុមមន្ត្រី​ជា​ពិសេស។

កិច្ចប្រជុំ​កំពូល​ដែល​នឹង​មាន​ការ​ចូល​រួម​ពី​ប្រធានាធិបតី​អាមេរិក នាយក​រដ្ឋមន្ដ្រី​ជប៉ុន ចិន រុស្ស៊ី​និង​ឥណ្ឌា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ។

ភ្នំពេញ៖ ក្រម​ប្រតិបត្តិ​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឬ​COCដ៏​ចម្រូង​ចម្រាស់​និង​សេចក្តីប្រកាស​នៃ​ក្រម​ប្រតិបត្តិ (DOC)នឹង​ក្លាយជា​ប្រធានបទ​ក្តៅគគុក​បន្តទៀត​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
កិច្ចប្រជុំ​កំពូល​ដែល​នឹង​មាន​ការ​ចូល​រួម​ពី​ប្រធានាធិបតី​អាមេរិក នាយក​រដ្ឋមន្ដ្រី​ជប៉ុន ចិន រុស្ស៊ី​និង​ឥណ្ឌា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ។
លោកស្រី សឿ រដ្ឋចាវី រដ្ឋលេខាធិការ​ការបរទេស​កម្ពុ​ជា​ដែល​បាន​ដឹកនាំ​ប្រជុំ​ក្រុមមន្ដ្រី​ជាន់ខ្ពស់​អាស៊ាន​បាន​បញ្ជាក់​ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ពិភាក្សា​ក្នុង​រង្វង់​ក្រុមមន្ត្រី​ជា​ពិសេស។កិច្ចពិភាក្សា​ស្តីពី​សេចក្តីប្រកាស​នៃ​ក្រម​ប្រតិបត្តិ (DOC) ហើយ​ក្រម​ប្រតិបត្តិ(COC)កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​ចិន។
«ពិត​មែន​ហើយ បញ្ហា​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បួ​ង ខ្ញុំ​ចង់​និយាយ​ថា ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រុម​មេដឹកនាំ​មិន​ត្រឹមតែ​ជជែក​ក្នុង​កិច្ចប្រជុំ​កំពូល​ទេ ប៉ុន្តែ​មានការ​ជជែក​ក្នុង​គ្រប់​កិច្ចប្រជុំ​ដោយ​រាប់​ចាប់តាំងពី​ក្រុមមន្ដ្រី​ជាន់ខ្ពស់​ឡើងទៅ»។
ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​បាន​ស្ថិត​ជា​ប្រធានបទ​យ៉ាង​ក្តៅគគុក​និង​រសើប​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា។ កម្ពុជា​បរាជ័យ​ក្នុងការ​បង្កើត​ឲ្យ​មាន​សេចក្តីថ្លែងការណ៍​រួម​មួយ​កាលពី​ប៉ុន្មាន​ខែ​មុន​ដោយសារ​តែ​ភាព​ប្រទាញប្រទង់​ក្នុង​បញ្ហា​នេះ។
បញ្ហា​ដែល​បាន​បណ្តាល​ឲ្យ​មានការ​ជាប់គាំង​នៅ​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​ជម្លោះ​ដូចជា​ប្រទេស​ហ្វីលីពីន​និង​វៀតណាម​បានទាមទារ​ដាច់ខាត​ថា ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ត្រូវដាក់​ក្នុងការ​ជជែក​រួម​ក្នុង​រង្វង់​អាស៊ាន។ ក៏ប៉ុន្តែ​ប្រទេស​ចិន​ចង់បាន​ការពិភាក្សា​នេះ​ជា​ទ្វេភាគី។
លោកស្រី​រដ្ឋចាវី និយាយ​ថា​ជំហរ​របស់​កម្ពុជា​មិន​លូកដៃ​ក្នុង​រឿង​ជម្លោះ​នេះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ដែល​ប្រទេស​ភាគី​ជម្លោះ​ត្រូវ​ដោះស្រាយ​ជាមួយគ្នា។
«ដែនដី​ជម្លោះ​នោះ​គួរតែ​ត្រូវ​ពិភាក្សា​ដោះស្រាយ​ដោយ​លក្ខណៈ​មិត្តភាព​ក្នុង​ចំណោម​រដ្ឋ​ជា​អ្នក​តវ៉ា»។
យ៉ាង​ណា​ក៏​ដោយ​ហ្វ៊ីលីពីន​ធ្លាប់​បាន​ថ្លែង​ថា ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​មិន​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ជម្លោះ​ទ្វេភាគី​ទេ ពីព្រោះ​ថា​មាន​ប្រទេស​ចំនួន​បួន​ឯណោះ​នៃ​សមាគម​អាស៊ាន​បាន​ចូល​ក្នុង​ជម្លោះ​ទល់​ជាមួយ​នឹង​ប្រទេស​ចិន។
លោក​ស៊ីហាសាក់ ពួងកេតកែវ (Sihasak Puangketkaew) លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​ថៃ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​បរាជ័យ​ដែល​បាន​កើត​ឡើង​ដោយសារ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួ​ង​ក្នុង​រង្វង់​កិច្ចប្រជុំ​អាស៊ាន​ជា​បទពិសោធន៍​សម្រាប់​កិច្ចប្រជុំ​នៅ​ពេល​នេះ។
«ខ្ញុំ​គិតថា​ប្រទេស​ទាំងអស់​ដឹង​ហើយ​ថា​គ្មាន​ប្រទេស​ណាមួយ​ទទួលបាន​ផលចំណេញ​ពីអ្វី​ដែល​បាន​កើតឡើង​នោះទេ។ ដូច្នេះ​អ្វីដែល​សំខាន់បំផុត​នោះ​គឺថា​បណ្តា​ប្រទេស​អាស៊ាន​ត្រូវតែ​រក្សា​ឯកភាព​គ្នា»។
លោក ស៊ីហាសាក់ ពួងកេតកែវ បន្ថែម​ថា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​កំពុង​តែ​ស្ថិត​នៅ​ចំពោះ​មុខ​បណ្តា​ប្រទេស​អាស៊ាន​ហើយ៕
XS
SM
MD
LG