អាមេរិក​និង​ចិន​ត្រៀម​រួចរាល់​សម្រាប់​ការពិភាក្សា​ពាណិជ្ជកម្ម​លើកទី​៨

រូបឯកសារ៖ ស្រ្តី​ម្នាក់ ល​អាវ​នៅ​ហាង​លក់​សម្លៀក​បំពាក់​ដ៏​ធំ​មួយ​របស់ GAP ដែល​ជា​ក្រុមហ៊ុន​របស់​អាមេរិក នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump មើលទៅ​​ហាក់ដូចជា​មិនមាន​គម្រោងការ​ក្នុង​ការបញ្ឈប់​ការដំឡើង​ពន្ធ​នាំចូល​លើ​ប្រទេសចិន​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។

អ្នកចរចារ​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​ដើម្បី​ធ្វើ​ការពិភាក្សា​ពាណិជ្ជកម្ម​ជាន់ខ្ពស់​លើកចុងក្រោយ​បំផុត ដែល​ត្រូវបាន​កំណត់​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី២៨ ​ខែមីនា​នេះ។ បើទោះបី​ជា​នៅមាន​ឧបសគ្គ​មួយ​ចំនួន​យ៉ាងណា​ក៏ដោយ​ក្តី ទាំង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ក៏បាន​កំពុង​សម្តែង​សុទិដ្ឋិនិយម​ដែល​ប្រុង​ប្រយ័ត្ន​មួយ។

សហរដ្ឋ​អាមេរិក​ និង​ចិន​បាន​ដំឡើង​ពន្ធ​នាំចូល​ដាក់គ្នា​ទៅវិញ​ទៅមក​ទៅលើ​ទំនិញ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេលមួយ​ឆ្នាំ​មកនេះ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ ក្រុមហ៊ុនជំនួញ និង​អ្នកប្រើប្រាស់​ជាច្រើន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump មើលទៅហាក់ដូចជា​មិនមាន​គម្រោងការ​ក្នុង​ការបញ្ឈប់​ការដំឡើង​ពន្ធ​នាំចូល​លើ​ប្រទេសចិន​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។

លោក​ប្រធានាធិបតី Donald Trump ​មាន​ប្រសាសន៍​ថា៖

«យើង​នឹង​បន្ត​ការដំឡើង​ពន្ធ​នាំចូល​នេះក្នុងរយៈពេល​យ៉ាង​យូរគួរសម​មួយ​ទៅ​មុខ​ទៀត ពីព្រោះ​ថា ប្រសិនបើ​យើង​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​ចិន យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រទេស​ចិន​គោរព​នឹង​ធ្វើតាម​កិច្ចព្រមព្រៀង​នោះ»។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ត្រៀម​សម្រាប់​ការអញ្ជើញ​មកដល់​របស់​អ្នកចរចារ​អាមេរិក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​ការពិភាក្សា​ពាណិជ្ជកម្ម​លើកទី៨​នេះ។

លោក Geng Shuang ដែល​ជា​អ្នកនាំពាក្យ​ឲ្យ​ក្រសួង​ការបរទេស​របស់ចិន​បាន​មាន​ប្រសាសន៍​ថា៖

«ភាគី​ទាំងសងខាង​មាន​ការវិវឌ្ឍ​ទៅមុខ​ដ៏​ប្រសើរ​មួយ»។

អ្នកវិភាគ​មួយ​ចំនួន​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន។

លោក David Dollar មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ Brookings Institution ​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិតថា ការចរចារ​លើក​នេះ​នឹង​ពិភាក្សា​លម្អិត​ទៅលើ​ថា តើ​ទីផ្សារ​ណា​ដែល​ប្រទេស​ទាំងពីរមាន​ឆន្ទៈ​ក្នុង​ការ​បើក​ឲ្យមានដំណើរការ​។ ហើយ​បន្ទាប់​ពី​នេះ​ទៀត នឹង​និយាយ​អំពី​ ថា​តើ​សហរដ្ឋអាមេរិក​មាន​វិធី​អ្វី ប្រសិនបើ​ប្រទេស​ចិន​មិន​គោរព​និង​ធ្វើ​តាម​កិច្ចព្រមព្រៀង​នោះ»។

សហរដ្ឋ​អាមេរិក កំពុង​ព្យាយាម​បង្ខំ​ឲ្យ​ប្រទេស​ចិន​ធ្វើ​ការផ្លាស់ប្តូរ​អ្វី​ដែល​មនុស្សភាគច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា ជា​ការ​ធ្វើពាណិជ្ជកម្ម​ដែល​មិន​ត្រឹមត្រូវ​តាមគោលការណ៍​ទីផ្សារ​សេរី​ និង​ការអនុវត្ត​ប្រាក់​ជំនួយ​ដល់​ឧស្សាហកម្ម​របស់​ចិន»។

លោក Claude Barfield មកពី​វិទ្យាស្ថាន American Enterprise Institute និយាយ​ថា៖

«ចិន​ត្រូវតែ​ធ្វើ​អី្វ​មួយ​ពី​សេដ្ឋកិច្ច​បិទជិត​របស់​ខ្លួន។ ពួកគេ​ត្រូវតែ​ធ្វើ​អី្វម្យ៉ាង​ពី​គោលការណ៍​នៃ​ការផ្ទេរ​បច្ចេកវិទ្យា​ទាំង​បង្ខំ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ដើម្បី​ទទួល​បាន​សិទ្ធិ​ទីផ្សារ​នៅក្នុង​ប្រទេស​ចិន ការលួច​កម្មសិទ្ធិ​បញ្ញា និង​បទបញ្ជា​នានា​ដែល​បដិសេធ​មិន​ឲ្យក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​និង​បរទេស​ផ្សេងៗ​ទៀត​ចូល​ក្នុង​ទីផ្សារ​របស់​ខ្លួន»។

យុទ្ធសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បង្ខំឲ្យ​ចិន​ធ្វើការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​នេះ មាន​លទ្ធផល​លាយឡំ​គ្នា។ ប្រទេសចិន​បាន​យល់ព្រម​បើក​ទីផ្សារ​របស់​ខ្លួន​ជាច្រើន​បន្ថែម​ទៀត ប៉ុន្តែ​ខ្លួន​ក៏​បាន​ច្រានចោល​ការ​ចោទប្រកាន់​ពី​ការធ្វើ​ចារកម្ម​ឧស្សាហកម្ម ដូចជា​ករណី​ដែល​អាមេរិកបាន​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន Huawei ពី​ការប្រើប្រាស់​សម្ភារៈ​បច្ចេកវិទ្យា​របស់​ខ្លួន​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​អឺរ៉ុប​ឲ្យ​ហាមឃាត់​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​មិនឲ្យ​ផ្តល់​សេវា​អ៊ីនធឺណេត 5G។

ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ ទី២៦ ខែ​មីនា​ កន្លង​ទៅ​នេះ សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរស័ព្ទ​ដំឡើង​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei។

លោក Julian King ដែល​ជា​ស្នងការ​សន្តិសុខ​សហភាព​អឺរ៉ុប មាន​ប្រសាសន៍​ថា៖

«អ្វី​ដែល​ពួកយើង​កំពុង​ពិភាក្សា​នោះ​គឺ ដំណើរការ​មួយ​ដោយ​ផ្អែក​ទៅលើ​ការ​វិភាគ​ដ៏​ល្អិតល្អន់​មួយ​ទៅលើ​គ្រោះហានិភ័យ​និង​ភាពងាយរងគ្រោះ​នានា»។

បន្ទាប់​ពី​ការចរចារ​រវាង​សហរដ្ឋអាមេរិក​និង​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​ចិន Liu He នឹង​ធ្វើដំណើរ​មក​កាន់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ការពិភាក្សា​ពាណិជ្ជកម្ម​ជា​លើក​ទី៩៕

ប្រែសម្រួល​ដោយ លី វួចនា