រដ្ឋាភិបាលចិន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនចង់ឃើញភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងបញ្ហាអ៊ុយក្រែន រក្សាភាពអត់ធ្មត់ និងបញ្ចៀសការបង្កើនភាពតានតឹង។ ចំណែកឯសហរដ្ឋអាមេរិកវិញ បានសង្កត់ធ្ងន់អំពីការបន្ធូរបន្ថយភាពតានតឹង និងបានព្រមានថា ភាពគឃ្លើនរបស់រុស្ស៊ី នឹងបង្កឲ្យមានហានិភ័យផ្នែកសន្តិសុខនិងសេដ្ឋកិច្ច។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuter។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហាអ៊ុយក្រែនកាលពីយប់ថ្ងៃពុធម្សិលមិញ។
ក្រសួងការបរទេសចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Wang បានប្រាប់លោក Blinken ថា «រដ្ឋាភិបាលចិន អំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យរក្សាភាពអត់ធ្មត់ និងកុំធ្វើសកម្មភាពណាដែលបង្កើនភាពតានតឹងនិងធ្វើឲ្យវិបត្តិរីកកាន់តែធំ»។
ប្រទេសរុស្ស៊ីដែលបានដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយ បានទាមទារឲ្យអង្គការអូតង់ (NATO) ដកកងទ័ពនិងសព្វាវុធចេញពីតំបន់អឺរ៉ុបខាងកើត និងរារាំងមិនឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការអូតង់។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអង្គការអូតង់ បានច្រានចោលការទាមទារទាំងនេះ ក៏ប៉ុន្តែបានលើកឡើងថា ពួកគេត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សាជាមួយរុស្ស៊ីអំពីប្រធានបទផ្សេងៗ ដូចជាការគ្រប់គ្រងសព្វាវុធ និងវិធានការកសាងទំនុកចិត្តជាដើម។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយដកស្រង់សម្ដីរបស់លោក Blinken ដែលបាននិយាយទៅកាន់លោក Wang យ៉ាងដូច្នេះថា៖ «លោករដ្ឋមន្ត្រី Blinken បាននិយាយថា ការបន្ធូរបន្ថយភាពតានតឹង និងការទូត គឺជាវិធីបែបទទួលខុសត្រូវនៅក្នុងការអនុវត្តទៅមុខ»។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បញ្ហាសន្តិសុខសាកលលោក និងហានិភ័យសេដ្ឋកិច្ចដែលបង្កឡើងដោយភាពគឃ្លើនរបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានលើកឡើងនៅក្នុងការពិភាក្សារវាងលោក Blinken និងលោក Wang៕