ស.រ.អា.​ចោទ​ប្រកាន់​មនុស្ស​៦នាក់​ពីបទ​ព្យាយាម​ចូលរួម​ជាមួយ​ពួក​រដ្ឋ​អ៊ីស្លាម

មេធាវី​​ ស.រ.អា.​ Andrew Luger (ស្តាំ)​ ជា​មួយ​និង​លោក​ Richard Thornton ដែល​ជា​ទីភ្នាក់ងា​រ​ពិសេស​របស់​ FBI ពន្យល់​អំពី​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​បុរស​ទាំង​៦​នាក់​មក​ពី​រដ្ឋ​ Minnesota ពី​បទ​ភេរវកម្ម នៅ​ឯ​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ Minneapolis កាលពីថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៥។

ភ្នាក់ងារ​រដ្ឋាភិបាល​ស.រ.អា.​បាន​ចាប់​ខ្លួន​បុរស​៦​នាក់ក្នុង​រដ្ឋ​ Minnesota ​ពី​បទគ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ចូល​រួម​ជាមួយ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

បុរស​ទាំង​៦​នាក់​នេះ​ ជា​សមាជិក​នៃ​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​សូម៉ាលី​ក្នុង​រដ្ឋ​ Minnesota។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ធ្វើ​អំពើ​អាក្រក់​និង​ប៉ុនប៉ង​ផ្តល់​ការគាំទ្រ​ខាង​សម្ភារៈ​ដល់​អង្គការ​មួយ​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អង្គការ​ភេរវកម្ម។

នៅ​ក្នុង​បណ្តឹង​ឧក្រិដ្ឋ​មួយ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ​បុរស​ទាំង​នេះ​បាន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ថា​ឈ្មោះ Mohamed Farah, Adnan Farah, Abdirahman Daud, Guled Oman, Hanad Musse និង​ឈ្មោះ Zacharia ​Abdurahman ដែល​អ្នក​ទាំង​អស់គ្នាមក​ពី​តំបន់​នៃ​ក្រុង​ Minneapolis។

រដ្ឋអាជ្ញា​ស.រ.អា.​ លោក​ Andrew Luger​ និយាយ​ថា​ បុរស​ទាំងនេះ​បាន​ធ្វើការ​១០ខែ​ដើម្បី​ចាក​ចេញ​ពី​ស.រ.អា.​ហើយ​ចូល​រូម​ជាមួយ​ពួក​រដ្ឋ​អ៊ីស្លាម៕