ក្រុមរដ្ឋអ៊ីស្លាមបានអះអាងថា ខ្លួនបានសម្លាប់រង្គាលជនជាតិអេត្យូពី កាន់គ្រឹស្តសាសនា៣០នាក់ នៅក្នុងវីដេអូមួយស្រដៀងគ្នានឹងការសម្លាប់កាលពីពេលមុនៗដែលបានត្រូវផ្សាយដោយក្រុមជនសកម្មប្រយុទ្ធជ្រុលនិយមទាំងនេះ។
រូបក្នុងខ្សែវីដេអូដែលបានត្រូវផ្សាយតាមបណ្តាញអ៊ីនធឺណែតកាលពីថ្ងៃអាទិត្យហើយដែលវីអេអូបានមើល បង្ហាញឲ្យឃើញមនុស្សមួយក្រុមបានត្រូវកាត់ក្បាលនៅលើឆ្នេរខ្សាច់មួយនៅពេលពួកគេលត់ជង្គង់នៅមុខពួកអ្នកប្រហារជីវិតពួកគេ ហើយមានមនុស្សមួយក្រុមទៀតបានត្រូវបាញ់សម្លាប់ចំផ្នែកខាងក្រោយក្បាលនៅក្នុងកន្លែងមួយផ្សេងទៀត។
ការសម្លាប់មនុស្សដ៏គួរស្បើមនេះបានត្រូវកត់ត្រាទុកនៅទីបញ្ចប់នៃវីដេអូជិត៣០នាទីនោះ ដែលពណ៌នាទស្សនៈរបស់ក្រុមរដ្ឋអ៊ីស្លាមអំពីគ្រឹស្តសាសនា និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឲ្យក្រុមអ្នកមិនគោរពសាសនាអ៊ីស្លាម ជឿលើសាសនានេះវិញ។
កាលពីខែកុម្ភៈ ក្រុមរដ្ឋអ៊ីស្លាមបានផ្សាយវីដេអូស្រដៀងគ្នាមួយដែលបង្ហាញពួកសមាជិកនៃរដ្ឋអ៊ីស្លាមកាត់ក្បាលក្រុមអ្នកគោរពសាសនាគ្រឹស្តសាសនាអេហ្ស៊ីប។
មន្ត្រីម្នាក់នៃសម្ព័ន្ធអារ៉ាប់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា ក្រុមអគ្គមេបញ្ជាការយោធាក្នុងតំបន់នឹងជួបគ្នានៅក្នុងក្រុង Le Caire នៅសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីការបង្កើតកងកម្លាំងយោធារួមគ្នាមួយប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕