ក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំពោះការវាយប្រហារដ៏ប្រល័យទៅលើសារមន្ទីរជាតិមួយកន្លែងនៅក្នុងប្រទេសទុយនីស៊ី ដែលបានសម្លាប់មនុស្ស២៣នាក់ ភាគច្រើនជាទេសចរណ៍បរទេស។
សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋអ៊ីស្លាម បានពណ៌នាការវាយប្រហារនេះថា ជាការវាយប្រហារដែលព្រះប្រទានទៅលើក្រុមដែលមិនកាន់សាសនាអ៊ីស្លាមហើយនិងជនអាក្រក់នៅក្នុងប្រទេសទុយនីស៊ីដែលកាន់សាសនាអ៊ីស្លាម។ ក្រុមរដ្ឋអ៊ីស្លាម បានផ្សព្វផ្សាយសារមកពីក្រុមនោះនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយក្រុមស៊ើបការណ៍សម្ងាត់ SITE ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិកបានរាយការណ៍ថា សារនោះទំនងជាការពិត។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អាជ្ញាធរទុយនីស៊ីបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស៩នាក់នៅក្នុងការទាក់ទិនទៅនឹងការសម្លាប់រង្គាលនៅឯសារមន្ទីរទុយនីស៊ីដែលបានសម្លាប់មនុស្ស២៣នាក់។ គ្មានសេចក្តីរាយការណ៍លម្អិតពីជនសង្ស័យត្រូវបានគេបញ្ចេញឲ្យដឹងភ្លាមៗទេ។
កងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ខ្មាន់កាំភ្លើង២នាក់នៅឯកន្លែងវាយប្រហារកាលពីថ្ងៃពុធ ហើយបាននិយាយថា ពួកគេកំពុងស្វែងរកអ្នកផ្សំគំនិត។
ពួកខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់នោះ ត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ Yassine Laabidiនិង Hatem Khachnaoui។ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនិយាយថា ពួកខ្មាន់កាំភ្លើងបានបាញ់ពួកទេសចរណ៍នៅខាងក្រៅសារមន្ទីរជាតិ Bardo ហើយបានឡោមព័ទ្ធចាប់មនុស្សផ្សេងទៀតធ្វើជាចំណាប់ខ្មាំង។
ក្រុមមន្រ្តីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានទេសចរណ៍បរទេស២០នាក់ហើយនិងជនជាតិទុយនីស៊ី៣នាក់៕