ក្រុមរដ្ឋអ៊ីស្លាមបានផ្សព្វផ្សាយតាមបណ្តាញអ៊ិនធឺណែតនូវអ្វីដែលពួកគេនិយាយថាជាឈ្មោះ អាសយដ្ឋាននិងរូបថតនៃក្រុមបុគ្គលិកយោធាស.រ.អា១០០នាក់និងបានលើកទឹកចិត្តក្រុមអ្នកគាំទ្រខ្លួននៅក្នុងស.រ.អាឲ្យសម្លាប់ក្រុមទាហានអាមេរិកាំងទាំងនោះ។
ក្រុមមួយដែលហៅខ្លួនឯងថា Islamic State Hacking Division បានសរសេរនៅក្នុងគេហទំព័រខ្លួនថា ពួកគេ«ធ្វើឲ្យមានការងាយស្រួលដល់ពួកអ្នកដោយផ្តល់អាសយដ្ឋានផ្សេងៗ។ អ្វីដែលពួកអ្នកត្រូវធ្វើគឺចាត់វិធានការក្នុងដំណាក់ការចុងក្រោយ។ តើពួកអ្នកនៅចាំអ្វីទៀត»?
ក្រសួងការពារប្រទេសស.រ.អានិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេត ហើយនិយាយថា ខ្លួនតែងតែលើកទឹកចិត្តក្រុមទាហានអាមេរិកាំងឲ្យប្រុងប្រយ័ត្នការពារខ្លួនជានិច្ច។
មន្ត្រីម្នាក់បាននិយាយប្រាប់កាសែត The New York Times ថា ក្រុមជនសកម្មប្រយុទ្ធហាក់ដូចជាមិនបានលបលួចចូលទៅយកព័ត៌មានពីគេហទំព័ររដ្ឋាភិបាលស.រ.អាទេ ហើយថាព័ត៌មានភាគច្រើនអាចបើកមើលបានជាសាធារណៈ៕