ប្រទេសនៅផ្នែកអាគ្នេយ៍ក្នុងទ្វីបអឺរ៉ុបនៃអង្គការ SEECP បានប្តេជ្ញាថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មក្នុងតំបន់ ក្នុងទ្វីបអឺរ៉ុបនិងទូទាំងពិភពលោក។
ក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុងទីរ៉ាណា (Tirana) នៃប្រទេសអាល់បានី (Albania) កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសនៃប្រទេស១៣ជាសមាជិកនៃអង្គការដំណើរការកិច្ចសហប្រតិបត្តិការផ្នែកអាគ្នេយ៍នៃទ្វីបអឺរ៉ុបហៅកាត់ថា SEECP បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយមាន១០ចំណុច ថ្កោលទោស«បាតុភូតនៃពួកយុទ្ធជនភេរវជនបរទេសនិងពួកភេរវជនក្រុមតូចៗនៅក្នុងទ្វីបអឺរ៉ុប»និងនៅតំបន់ផ្សេងពីនេះទៀត។
រដ្ឋមន្ត្រីទាំងនេះបានសម្តែងការប្តេជ្ញាគាំទ្រដល់«យន្តការសមស្រប»ទាំងអស់របស់ក្រុមចម្រុះប្រឆាំងនឹងភេរវកម្ម។
រដ្ឋមន្ត្រីទាំងនេះបាននិយាយយោងជាពិសេសដល់ពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីដែលហៅកាត់ថា ISISចំពោះ «សកម្មភាពភេរវកម្មនិងអំពើឃោរឃៅដ៏សែនអាក្រក់»របស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសទាំងនេះបានគូសបញ្ជាក់ថា ភេរវកម្មមិនអាចត្រូវបញ្ជាក់ថាជាការត្រឹមត្រូវបានទេ ដោយឥតគិតអំពី«ហេតុផលនាំឲ្យមានសកម្មភាពទាំងនេះឬប្រភពរបស់សកម្មភាពទាំងនេះ ហើយមិនអាចនិងមិនគួរភ្ជាប់ជាមួយសញ្ជាតិ សាសនាឬពូជអំបូរ"»ជាពិសេសណាមួយទ្បើយ។
រដ្ឋមន្ត្រីទាំងនេះបាននិយាយថា «ការគំរាមកំហែងនិងឧបសគ្គដូចគ្នាតម្រូវឲ្យមានការឆ្លើយតបនិងសកម្មភាពរូមគ្នា»ដោយមានរួមបញ្ចូលការពង្រឹងវិធាននៃច្បាប់និងការអនុវត្តន៍គោលនយោបាយសម្រាប់ឧបត្ថម្ភផ្ចុងផ្តើមការអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យយុវជន ការសិក្សាអប់រំ ការផ្តល់ឱកាសស្មើគ្នា ការមានការថែរក្សាសុខភាពនិងការងារស្មើគ្នា៕
ប្រទេសអាល់បានី (Albania) បូស្ន៊ីហែហ្សេកូវីណា (Bosnia-Herzegovina) ប៊ុលហ្គារី (Bulgaria) ក្រូអាស៊ី (Croatia) ក្រិក(Greece) ម៉ាសេដូនី (Macedonia) ម៉ុងតែនេហ្រ្កូ (Montenegro) រូម៉ានី (Roumania) ស៊ែប៊ី (Serbia) ស្លូវេនី (Slovenia) តួកគីនិងប្រទេសកូសូវ៉ូ (Kosovo) ជាសមាជិកនៃអង្គការ SEECP។