នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក USS Ronald Reagan បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកជុំថ្មីមួយទៀតជាមួយកងនាវាចម្បាំងកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ គឺមានរយៈពេលមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលកាន់តែច្រើន និងបានហោះហើរយន្តហោះចម្បាំងដើម្បីបង្កើនភាពតានតឹងដាក់គូប្រជែង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នាវា Reagan និងក្រុមប្រយុទ្ធបានត្រឡប់ទៅដែនទឹកក្បែរឧបទ្វីបកូរ៉េវិញ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលកាលពីដើមសប្តាហ៍នេះ ដែលមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរពីលើប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងការហ្វឹកហ្វឺនលើកមុនរបស់ក្រុមនាវាផ្ទុកយន្តហោះនេះជាមួយនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងថាជាការហាត់សមដើម្បីឈ្លានពានប្រទេសរបស់ខ្លួន។
សមយុទ្ធរយៈពេលពីរថ្ងៃចុងក្រោយនេះ ដែលមានការចូលរួមពីនាវាពិឃាតរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និងនាវាផ្សេងទៀតផងដែរ កំពុងធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ពីឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ អគ្គសេនាធិការកងទ័ពចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពការពាររបស់សម្ព័ន្ធមិត្ត ហើយនឹងរួមបញ្ចូលការហ្វឹកហ្វឺនដើម្បីអមដំណើរនាវា Reagan នៅភាគអាគ្នេយ៍នៃកោះ Jeju ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍បាននិយាយថា៖ «យើងនឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការដ៏រឹងមាំរបស់យើង និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយដោយកូរ៉េខាងជើង»។
Your browser doesn’t support HTML5
កូរ៉េខាងជើងអាចនឹងមានប្រតិកម្មចំពោះសមយុទ្ធថ្មីដោយការសាកល្បងមីស៊ីលបន្ថែមទៀត។ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយឡើងវិញរបស់ក្រុមនាវាផ្ទុកយន្តហោះបង្ក «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ជុំវិញរបស់ខ្លួន»។
ល្បឿននៃការសាកល្បងអាវុធរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ គឺមានបំណងពង្រីកឃ្លាំងអាវុធរបស់ខ្លួន ដើម្បីអាចគំរាមកំហែងយ៉ាងច្បាស់ដល់ដែនគោករបស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ដោយអាវុធនុយក្លេអ៊ែរ បន្ទាប់មកចូលតុចរចាជាមួយសហរដ្ឋអាមេរិកដោយស្ថានភាពខ្លាំងជាងក្នុងនាមជារដ្ឋមាននុយក្លេអ៊ែរដែលត្រូវតែទទួលស្គាល់។
ការបាញ់មីស៊ីលផ្លោងចំនួនពីរលើកកាលពីថ្ងៃព្រហស្បតិ៍គឺជាការបាញ់ជុំទីប្រាំមួយរបស់កូរ៉េខាងជើងក្នុងរយៈពេលតិចជាងពីរសប្តាហ៍។
លោក Heo Tae-keun អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយការពារជាតិរបស់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាកាលពីដើមសប្តាហ៍នេះថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើតេស្ដនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៥ ឆ្នាំ ហើយកំពុងរៀបចំសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដែលប្រើឥន្ធនៈរាវ និងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។
នៅថ្ងៃសុក្រនេះ លោក Heo បានសន្ទនាតាមវីដេអូជាត្រីភាគីជាមួយសមភាគីអាមេរិក និងជប៉ុន ដើម្បីពិភាក្សាអំពីការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីទាំង៣បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងចំណោមប្រទេសទាំងបីនឹងត្រូវបានពង្រឹង ប្រសិនបើកូរ៉េខាងជើងនៅតែបន្តការបង្កហេតុរបស់ខ្លួន៕