មេដឹកនាំជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាណាដានិងចក្រភពអង់គ្លេសបានដើរចេញពីកិច្ចប្រជុំនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬ G20 នៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃពុធម្សិលមិញ ដើម្បីជាការប្រឆាំងទៅនឹងការសម្រេចចិត្តរបស់អង្គការនេះដែលអនុញ្ញាតឲ្យមន្ត្រីរុស្ស៊ីដែលរួមមានរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Anton Siluanov ចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រទេស G-20 នេះ។
សហរដ្ឋអាមេរិកនិងសមាជិកដទៃទៀតនៃក្រុមប្រទេស G-20 បានអំពាវនាវដល់ឥណ្ឌូណេស៊ីដែលបច្ចុប្បន្ននេះធ្វើជាប្រធានឆ្លាស់វេនរបស់អង្គការនេះឲ្យដាក់បម្រាមទៅលើរុស្ស៊ីមិនឲ្យចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
បើទោះបីជាអ៊ុយក្រែនមិនមែនជាសមាជិកនៃក្រុមប្រទេស G-20 ក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោកSerhiy Marchenko ត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ។ នៅក្នុងសុន្ទករថានៃការចាប់ផ្តើមនៃកិច្ចប្រជុំនោះ លោក Kuleba បានសន្យាថា អ៊ុយក្រែននឹងមិនកាត់ទឹកដីរបស់ខ្លួនទៅឲ្យរុស្ស៊ីសម្រាប់កិច្ចចរចាសន្តិភាពនោះឡើយ។ ទាំងលោក Kuleba និងលោក Marchenko ក៏បានចូលរួមក្នុងការដើរចេញពីកិច្ចប្រជុំនោះដែរដើម្បីប្រឆាំងនឹងវត្តមានរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំនេះ។
មិនដូចកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមប្រទេស G-20 ដែលជាទូទៅត្រូវបានចូលរួមដោយប្រមុខរដ្ឋនៃប្រទេសជាសមាជិក កិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារជាតិនៃបណ្តាប្រទេសជាសមាជិកនៃក្រុមប្រទេស G-20។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមប្រទេស G-20 គ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលប្រទេសនេះធ្វើជាប្រធានឆ្លាស់វេនសម្រាប់ក្រុមប្រទេស G-20 នៅក្នុងឆ្នាំ២០២២នេះ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងត្រូវបានស្វាគមន៍នៅកោះបាលីសម្រាប់កិច្ចប្រជុំរបស់ក្រុមប្រទេសG-20នៅពេលខាងមុខនេះដែលការណ៍នេះបានធ្វើឲ្យការប្រឆាំងតវ៉ាពីសំណាក់សមាជិកមួយចំនួននៃក្រុមប្រទេស G-20 ហើយបាននិយាយថា ពួកគេអាចនឹងធ្វើពហិការមិនចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនោះផងដែរ៕