សហរដ្ឋ​អាមេរិក​និង​កាណាដា​នឹង​រួម​គ្នា​រៀបចំ​កិច្ច​ប្រជុំ​ពហុ​ភាគី​ស្ដី​ពី​វិបត្តិ​កូរ៉េ​ខាង​ជើង

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Rex Tillerson និង​លោក​ស្រី​រដ្ឋ​មន្ត្រី​ការបរទេស​កាណាដា Chrystia Freeland នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ Ottawa កាល​ពី​ថ្ងៃទី​១៩ ខែ​ធ្នូ។

សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា នឹង​រួម​គ្នា​រៀបចំ​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ប្រទេស​ចំនួន ១៦ ចូលរួម នៅ​ខែ​ក្រោយ​ក្នុង​ប្រទេស​កាណាដា ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ការ​គំរាម​កំហែង​ដែល​បណ្ដាល​មក​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Rex Tillerson ​និង​រដ្ឋមន្ត្រី​ការបរទេស​កាណាដា​លោកស្រី Chrystia Freeland ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៨ ខាង​មុខ នៅ​ក្នុង​ទីក្រុង ​Vancouver។ លោក ​Tillerson និង​លោកស្រី Freeland បាន​ប្រកាស​ដូច​នេះ ក្រោយ​ពី​លោក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង Ottawa ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​កាណាដា។

លោក Tillerson បាន​និយាយ​ថា កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​បង្កើន «យុទ្ធនាការ​ដាក់​សម្ពាធ​ជា​សាកល» លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដែល​បាន​បង្កើន​ការ​សាកល្បង​សមត្ថភាព​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន។ កាល​ពី​ចុង​ខែ​មុន កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​មួយ ដែល​អាច​មាន​សមត្ថភាព​ហោះ​ដល់​ដែន​ដី​ភាគ​ខាង​កើត​របស់​សហរដ្ឋ​អាមេរិក​បាន។

ប្រទេស​ទាំង ១៦ ដែល​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​ Vancouver នា​ខែ​ក្រោយ​នេះ គឺ​ជា​បណ្ដា​ប្រទេស​ដំបូង​បង្អស់​ដែល​បាន​ដាក់​ពង្រាយ​ទាហាន​របស់​ខ្លួន​នៅ​ឧបទ្វីប​កូរ៉េ ដើម្បី​ជួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​ចាប់​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។ ប្រទេស​ទាំង​នោះ​មាន​ដូចជា ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស កាណាដា តួកគី ណូវែលហ្សេឡង់ ហ្វីលីពីន ថៃ បារាំង អេត្យូពី ក្រិក កូឡុំប៊ី បែលហ្ស៊ិក អាហ្វ្រិក​ខាង​ត្បូង ហូឡង់ លុចហ្សំបួរ និង​សហរដ្ឋ​អាមេរិក។

កិច្ច​ប្រជុំ​នេះ​ក៏​នឹង​មាន​ការ​ចូលរួម​ផង​ដែរ​ពី​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា​ជា​ដើម៕